មន្ត្រីវៀតណាមចាប់បានថ្នាំមេតំហ្វេតាមីនចំនួន ៣០០គីឡូក្រាម ពីរថយន្តដឹកទំនិញរបស់ឡាវ
ខណៈដែលប្រទេសវៀតណាមមានច្បាប់គ្រឿងញៀនដ៏តឹងរឹងបំផុតមួយនៅលើពិភពលោក ប្រទេសនេះនៅតែជាកន្លែងមួយដ៏ពេញនិយម និងជាទីផ្សារទិសដៅសម្រាប់ថ្នាំញៀន (narcotics) ដែលរត់ពន្ធពីតំបន់ត្រីកោណមាស (Golden Triangle) ដ៏ល្បីល្បាញ និងជាតំបន់ព្រំដែនគ្មានច្បាប់ ដែលមានព្រំប្រទល់ជាមួយនឹងប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ។ ថ្នាំអាភៀន និងហេរ៉ូអ៊ីន គឺជាថ្នាំដែលពេញនិយមក្នុងចំណោមអ្នកប្រើចាស់ៗ ប៉ុន្តែប្រភេទម្សៅ និងថ្នាំគ្រាប់ ដូចជា មេតំហ្វេតាមីន គឺកំពុងតែទទួលបានប្រជាប្រិយភាពក្នុងចំណោមយុវវ័យវៀតណាម។
យ៉ាងណាមិញកាលពីម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ មន្ត្រីកម្លាំងការពារព្រំដែន និងអាជ្ញាធរគយវៀតណាម បានរកឃើញគ្រឿងញៀននៅក្នុងឡានដឹកទំនិញមួយ ដែលមានស្លាកលេខរបស់ប្រទេសឡាវ។ របាយការណ៍ក៏បានឱ្យដឹងថា អាជ្ញាធរបានរកឃើញថង់ប្លាស្ទិកពណ៌មាសរាប់សិបកញ្ចប់ ដែលមានផ្ទុកថ្នាំមេតំហ្វេតាមីនចំនួន ២៩៤គីឡូក្រាម ហើយចំណែកតៃកុងដែលជាជនជាតិឡាវក៏ត្រូវបានឃាត់ខ្លួនផងដែរនៅក្នុងហេតុការណ៍នេះ៕
អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider