ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា បំភ្លឺករណីនារីម្នាក់ ក្នុងTik Tok ដែលលើកឡើងថា «អត់ដែលនៅផ្ទះទេ តែភ្លើងអស់ជាង ៤០ម៉ឺនរៀល ទឹកភ្លើងស៊ីដល់ក»

BY
Khmernote Media
June 17, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្ដីបំភ្លឺ ចំពោះម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā បានលើកឡើងថា «បងប្អូនភ្លើងខែនេះខ្ញុំអត់បង់ទេ ខ្ញុំអត់ដែលនៅផ្ទះទេ តែភ្លើងរបស់ខ្ញុំអស់៤០៤,៤០០ រៀល ខ្ញុំអត់មាត់ទេ ចឹងខ្ញុំអត់មានលុយបង់ទេ ទឹកភ្លើងស៊ីដល់ក ខ្ញុំអត់បង់ទេ អាណិតប្រជាជនផងជិតលៀនអណ្តាតហើយសភ្នែកទទេស្អាត»

បើតាមការចុះទៅពិនិត្យដោយផ្ទាល់ពីក្រុមការងារបច្ចេកទេសឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានដូចជា៖ ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង អំពូល០៤គ្រាប់ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។

សូមជម្រាបថា អតិថិជនពុំបានចូលរួមពិនិត្យជាមួយក្រុមការងារបច្ចេកទេសទេ ប៉ុន្តែអតិថិជនបានអនុញ្ញាតឱ្យម្តាយមីងចូលរួម សហការពិនិត្យជំនួស។ ម្តាយមីងរបស់គាត់បានឯកភាពក្នុងការពិនិត្យតាមលក្ខណៈបច្ចេកទេសស្របតាមនីតិវិធី និងវិជ្ជាជីវៈត្រឹមត្រូវរបស់ក្រុមការងារ។ ទោះបីជាម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā មិនឯកភាព ប៉ុន្តែអតិថិជនបានទូទាត់ប្រាក់ប្រើប្រាស់ថាមពលប្រចាំខែបានទៀងទាត់ធម្មតា មិនមែនដូចការចុះផ្សាយរបស់អតិថិជននោះទេ។

អគ្គិសនីកម្ពុជា សូមសំណូមពរចំពោះអតិថិជនទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ប្រសិនបើមានបញ្ហា ឬចម្ងល់អ្វី ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឬTik Tok ឬបណ្តាញសង្គមផ្សេងទៀត មិនមែនជាដំណោះស្រាយនោះទេ សូមអតិថិជនអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឱ្យអគ្គិសនីកម្ពុជា ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ ដោយឥតគិតថ្លៃ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC

Share This Post: