ព័ត៌មានជាតិ

កាសែតយុវវ័យវៀតណាម(Tuoi Tre) ប្រគល់ពានរង្វាន់«ការបំផុសគំនិតស៊ីហ្គេមលើកទី៣២» ជូនដល់កីឡាការិនីកម្ពុជា បូ សំណាង

BY
Khmernote Media
June 19, 2023

(ហូជីមិញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាសែនយុវវ័យវៀតណាម (Tuoi Tre) សហការជាមួយក្រមហ៊ុន Herbalife Vietnam បានរៀបចំកម្មវិធីបំផុសគំនិតស៊ីហ្គេមលើកទី៣២ ដើម្បីចូលរួមបំផុសគំនិត ផ្សព្វផ្សាយសារវិជ្ជមាន និងមានឆន្ទៈ អន់ធន់ ស្មារតីស្រឡាញ់កីឡាដើម្បីសម្រេចបានគោលដៅ ព្រមទាំងលើកទឹកចិត្ត និងលើកតម្កើងដល់អត្តពលិកឱ្យប្រឹងប្រែងខិតខំ ក្នុងការប្រកួតយកជ័យជម្នះផងដែរ។

លោក Huy Tho អគ្គនាយករងកាសែតយុវវ័យវៀតណាម (Tuoi Tre) បានប្រាប់ឱ្យដឹងថា ក្រោយពីការបង្កើតឡើងនូវកម្មវិធីនេះ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក កាសែត Tuoi Tre និង ក្រុមហ៊ុន Herbalife Vietnam បានធ្វើការបោះឆ្នោតស្ទង់មតិមហាជនតាមរយៈសារព័ត៌មាន ឃើញថាមានបេក្ខជន៣រូប ដែលទទួលបានសំឡេងច្រើនជាងគេ ទី១-អត្តពលិក ង្វៀន ធីអាញ់ (Nguyen Thi Oanh) ជនជាតិវៀតណាម ទី២-កីឡាការិនីវាយកូនបាល់ Tran Mai Ngoc ជនជាតិវៀតណាម និងកីឡាការិនីកម្ពុជា បូ សំណាង ដែលត្រូវទទួលរង្វាន់បំផុសគំនិតស៊ីហ្គេមលើកទី៣២ កន្លងមកនេះ ។

កាសែត Tuoi Tre និង Herbalife Vietnam ក៏បានរៀបចំកម្មវិធី និងពិធីប្រគល់រង្វាន់នេះឡើង ដោយបានអញ្ជើញកីឡាការិនីទាំង៣រូបនេះ មកទទួលរង្វាន់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។ លោក Huy Tho បានថ្លែងឱ្យដឹងថា កីឡាការិនី បូ សំណាង ជាកីឡាការិនីបរទេសលើកដំបូងគេហើយ ដែលបាន ទទួលពានរង្វាន់នេះពីកាសែតយុវវ័យវៀតណាម (Tuoi Tre) ហើយការបង្កើតកម្មវិធីបំផុសគំនិតស៊ីហ្គេមនេះឡើង មិនមែនធ្វើរៀងរាល់ឆ្នាំនោះទេ គឺធ្វើឡើងនៅពេលណាកីឡាករ កីឡាការិនីណាដែលមានភាពទាក់ទាញ ហើយត្រូវបានចាប់អារម្មណ៍ពីមហាជន ទាំងក្នុងនិងក្រៅប្រទេស ដូចកីឡាការិនី បូ សំណាង និងកីឡាការិនី វៀតណាម ២រូបទៀត ដែលធ្វើឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក តាមរយៈទំព័រសារព័ត៌មានជាតិ និងអន្តរជាតិ ។

លោកបានបញ្ជាក់ថា ពេលនោះទើបកាសែតយុវវ័យវៀតណាម (Tuoi Tre) ស្វែងរកដៃគូឧបត្ថម្ភពីសំណាក់ក្រុមហ៊ុននានា ក្នុងប្រទេសវៀតណាម ដើម្បីបង្កើតនូវកម្មវិធីផ្តល់ពានរង្វាន់នេះឡើង ។ លោក Huy Tho ក៏បានបញ្ជាក់ផងដែរថា ការផ្តល់ពានរង្វាន់នេះ រួមមានទឹកប្រាក់ផ្តល់ដោយកាសែតយុវវ័យវៀតណាម (Tuoi Tre) និងក្រុមហ៊ុន Herbalife Vietnam ចំនួន ២០លានដុង ប្រហាក់ប្រហែលនឹង ១ ០០០ ដុល្លារអាម៉េរិក ក្នុងម្នាក់ៗ និងឧបត្ថម្ភពីក្រុមហ៊ុនកៅស៊ូវៀតណាម ចំនួន ៥០០ដុល្លារ ។

លោកអគ្គនាយករងរូបនេះក៏បានឱ្យដឹងទៀតថា ការផ្តល់ប្រាក់រង្វាន់នេះវាមិនធំដុំក៏ពិតមែន តែវាជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនីដែលមានចិត្តតស៊ូ ព្យាយាម ក្នុងការសម្រេចគោលដៅទៅអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: