ខេត្តកំពង់ឆ្នាំង បានក្លាយជាខេត្តទី៥ ត្រូវប្រកាសទទួលស្គាល់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
- June 20, 2023
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង បានក្លាយជាខេត្តទី៥ នៃរាជធានីខេត្តទាំង២៥ ដែលបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតិភាព ឯកឧត្តម សួស គង់ រដ្ធលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិ និងប្រជាពលរដ្ធយ៉ាងច្រើនកុះករ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍអំពីអនាម័យការផ្គត់ផ្គង់ទឹកស្អាត និង បង្គន់អនាម័យនៅទូទាំងខេត្តកំពង់ឆ្នាំង ការងារផ្គត់ផ្គង់ទឹកជនបទ នៅក្នុងខេត្តកំពង់ឆ្នាំងរួមមានសមិទ្ធិផលមួយចំនួនដូចជា៖ អណ្ដូងស្នប់សរុប ចំនួន ១៩,៧១៩ អណ្ដូងលូសរុបចំនួន ១០, ៦៤៤អណ្តូងស្រះសហគមន៍សរុបចំនួន ១៨០ ស្រះ អាងត្រងទឹកភ្លៀងសរុបចំនួន ១,០៣៣ អាង ប្រព័ន្ធចែកចាយទឹកសហគមន៍សរុបចំនួន ១៧កន្លែង ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ១២កន្លែងគិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ ចំនួនខ្នងផ្ទះមានទឹកស្អាតហូប និង សម្រាប់ប្រើប្រាស់ ចំនួន ១០២ ២៨០ខ្នង ដែលមានអត្រាគ្រប់ដណ្ដប់ការ ផ្គត់ផ្គង់ទឹកស្មើនឹង ៨០% បើធៀបទៅនឹងចំនួនខ្នងផ្ទះសរុប ១២៧ ៨៥០ខ្នង និងការងារលើកកម្ពស់អនាម័យជនបទ នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ១១៦ ៦៤៨ ខ្នង នៃចំនួនខ្ទងផ្ទះសំរុប ១៩៥ ៤០៦ខ្នង ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ១១ ២០២ ខ្នង ខ្ចងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូស្មើនឹង ១០០%នៃខ្នងផ្ទះសរុប ស្ថានភាពក្រុង ស្រុក ដែលទទួលបាន ODF មាន ក្រុងកំពង់ឆ្នាំង ទទួលបាន ODF នៅឆ្នាំ២០២២ និងស្រុកចំនួន ០៧ទៀតរួមមាន ស្រុកបរិបូណ៌ ជលគីរី កំពង់លែង រលាំប្អៀរ កំពង់ត្រឡាច សាមគ្គី មានជ័យ និងស្រុកទឹកផុស ទទួលបាន ODF នៅចុងខែមីនា ឆ្នាំ២០២៣។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សួស គង់ បានបញ្ជាក់ថា ការសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣ ជាមោទកភាព បំផុតរបស់រដ្ឋបាលកំពង់ឆ្នាំងទាំងមូល ដែលបានឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅ សហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព ។
ឯកឧត្ដមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតាមដានត្រួតពិនិត្យការផ្សព្វផ្សាយគ្រប់រូបភាព លើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋសាងសង់បង្គន់ គៀងគរថវិកាពីសប្បុរសជន សម្រាប់ជួយគាំទ្រដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ក្នុងការសាងសង់ បង្គន់អនាម័យ ដើម្បីឱ្យខេត្តកំពង់ឆ្នាំងអាចសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕







ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






