ព័ត៌មានជាតិ

ក្រសួងអប់រំ អំពាវនាវឱ្យផ្នែកពាក់ព័ន្ធចូលរួមពង្រឹង និងលើកកម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា

BY
Khmernote Media
June 21, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឱ្យផ្នែកពាក់ព័ន្ធចូលរួមពង្រឹង និងលើក កម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ បាតុភាពអសកម្ម និងអសីលធម៌មួយចំនួនបានកើតឡើងទាំងនៅក្នុង ទាំងនៅក្រៅបរិវេណ នៃគ្រឹះស្ថានសិក្សា ដែលបានបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងករណីខ្លះរហូតដល់បាត់បង់ អាយុជីវិតរបស់ យុវជនក្នុងវ័យសិក្សា។ ក្រសួងអប់រំ យុវជន និងកីឡាទទួលស្គាល់នូវរាល់កង្វល់ និងការព្រួយបារម្ភនានាររបស់សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្ស និស្សិតទាំងអស់ ព្រមទាំងចូលរួមសោកស្តាយ និងរំលែកទុក្ខ ចំពោះក្រុមគ្រួសារ ដែលទទួលរងផលប៉ះពាល់ ដោយសារហេតុការណ៍ទាំងនេះ។

ក្នុងគោលបំណងទប់ស្កាត់នូវបាតុភាពអសកម្ម និងអសីលធម៌ទាំងនេះនៅថ្ងៃខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវ និងណែនាំដល់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងយុវជន ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួម ពង្រឹងនិងលើកកម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ ដូចជា៖

១. គណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការទ្រទ្រង់សាលារៀន នាយកសាលារៀន និងគ្រូបន្ទុកថ្នាក់ ត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឱ្យបានហ្មត់ចត់បំផុតនូវ “សេ ចក្ដីណែនាំ ០១. សណន ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅ តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន” ជាពិសេសត្រូវពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យនៅតាម គ្រឹះស្ថានសិក្សានីមួយៗ ឱ្យបានរឹងមាំ។

២. ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការ យុវជនដែលមាននៅតាមគ្រឹះស្ថានសិក្សា រួមទាំងកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហម ត្រូវចូលរួមឱ្យបានផុសផុលបំផុត ជាមួយសិស្សានុសិស្ស ក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសារគ្នា ការគោរពវិន័យនិងក្រមសីលធម៌ ការគោរពសេចក្តី ថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិ។

៣. គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវប្រើប្រាស់ពេល វេលាសមស្រប សម្រាប់ការកោះប្រជុំសិស្សានុ សិស្សតាមថ្នាក់ តាមក្រុម ឬក្នុងអំឡុង ពេលមុន ឬក្រោយកម្មវិធីគោរពទង់ជាតិ ដើម្បីធ្វើការពន្យល់ណែនាំ ដាស់តឿន ក្រើនរម្លឹក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ គ្រឹះស្ថានសិក្សា ត្រូវជំរុញការសិក្សាឈ្វេងយល់អំពីអត្ថន័យ និងការច្រៀងបទចម្រៀង “ពង្សាវតារខ្មែរ” ដើម្បីលើកតម្កើងភាពមោទនភាព ឧត្ដមភាព ជាតិនិយម និងការជឿជាក់លើ ព្រះរាជាណាចក្រកម្ពុជា ពីគ្រប់ស្រទាប់ សិស្សានុសិស្ស។ សេចក្តីប្រកាសព័ត៌មាននេះ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវផ្សព្វផ្សាយជាសាធារណៈ លើបញ្ជរព័ត៌មាន នៅតាមគ្រឹះស្ថានសិក្សា និងប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព។

៤. គ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរម្លឹក និងបញ្ជ្រាបការអប់រំចរិយាសម្បទា បន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទា នៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់ សិស្សានុសិស្សឱ្យអស់ពីលទ្ធភាព។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណ និងសូមអំពាវនាវដោយទទូច ចំពោះមាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា សូមមេត្តាចូលរួមជា មួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចំណាយពេលវេលាបន្ថែម ទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងទៀត ក្នុងការបន្តអប់រំ ពន្យល់ ណែនាំបុត្រធីតាគ្រប់ៗរូប ឱ្យដើរលើគន្លងនៃសីលធម៌ និងចរិយាធម៌។ ក្រសួងអប់រំ យុវជន និងកីឡា សូមសំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្ត ពង្រឹងការអនុវត្តច្បាប់ ការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាព សម្រាប់សហគមន៍ និងគ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: