តំបន់សហគមន៍តាខេះមានជ័យ ក្នុងស្រុកសំឡូត ខេត្តបាត់ដំង ផ្ដល់អំណោយផលចំពោះការបង្កើនចំណីសម្រាប់សត្វឃ្មុំ
- June 22, 2023
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តំបន់សហគមន៍តាខេះមានជ័យ ស្ថិតក្នុងស្រុកសំឡូត ខេត្តដាត់ដំបង ដែលមានទីតាំងជាប់ព្រំប្រទល់នឹងខេត្តប៉ៃលិនគឺជាតំបន់មួយដែលមានសក្តានុពលក្នុងការផ្តល់អំណោយផលចំពោះការបង្កើនចំណីសម្រាប់ការចិញ្ចឹមសត្វឃ្មុំ។

ដោយមើលឃើញពីសក្តានុពលក្នុងតំបន់នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលព្រៃឈើ ខេត្ត បាត់ដំបង និងមូលនិធិម៉ាដក្សចូលីភីត(MJP)បានរួមគ្នាដាំដើមឈើដើម្បីបង្កើនចំនួនព្រៃឈើឱ្យសម្បូរបែប និង មានពណ៌បៃតងស្រស់បំព្រងឡើងវិញ។ ការសហការចូលរួម សម្រាប់ការដាំដើមឈើនេះក៏ជាផ្នែកមួយស្តារឡើងវិញនៃព្រៃឈើដែលរិចរិលនាពេលកន្លងមកផងដែរ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន កាលពីររសៀលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣បានដឹកនាំក្រុមការងារចូលរួមដាំដើមឈើឡើងវិញ ស្ថិតនៅក្នុងសហគមន៍តាខេះមានជ័យ ដែលជាតំបន់ស្តារព្រៃឡើងវិញនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ឈើដែលបានជ្រើសរើសដាំមានប្រភេទ បេង នាងនួន ធ្នុងជាដើម។ ក្រៅពីនេះ ក៏មានដាំដើមត្របែកព្រៃ ដើមគ ដែលប្រភេទដើមឈើមានផ្កាផ្តល់មក វិញនូវផលសម្រាប់សត្វឃ្មុំ និងក្រៅពីនេះក៏មានផ្កាប្រភេទផ្សេងៗទៀតដែលមានលម្អង ។ ឯកឧត្តមថ្លែងថា៖ «ការដាំនេះក៏សម្រាប់ស្តារឡើងវិញនៃព្រៃឈើ តែក៏ជាផ្នែកមួយបង្កើនចំណីសម្រាប់សត្វឃ្មុំ ដែរ ព្រោះថាសហគមន៍មួយនេះប្រជាពលរដ្ឋបានចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់បងប្អូនប្រជាពលរដ្ឋ ក្រៅពីធ្វើចំការ»។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា៖ «នេះជាចំណុចមួយដែលយើងមើលឃើញថាសហគមន៍គាត់ចាប់ផ្តើមយល់ ហើយពួកគាត់បានទទួលការបង្ហាត់បង្រៀនបច្ចេកទេសពីអង្គការដៃគូដើម្បីរៀនរបៀបចិញ្ចឹមឃ្មុំក្នុងសហគមន៍ក្នុងការបង្កើនចំណូល។ ការដាំស្តារឡើងវិញនៃព្រៃឈើសហគមន៍របស់គាត់មិនត្រឹមផ្តល់ផលប្រយោជន៍ជាដើមឈើទេ តែវាក៏ជាផ្នែកមួយបន្ថែមទៀតដែលអនុញ្ញាត្តិ ឱ្យពួកគាត់ដាំដើមឈើសម្រាប់សត្វឃ្មុំក្រេបលម្អងដើម្បីបានទឹកឃ្មុំលក់»។
លោក សេង សម័យ នាយរងរដ្ឋបាលព្រៃឈើស្រុកសំឡូត ខេត្ត បាត់ដំបង បានឱ្យដឹងថា ក្នុងសហគមន៍ព្រៃឈើតាខេះមានជ័យេះ គឺមានទំហំដី ១ ៣៥៣,២៨ ហិកតា។ លោកបានបន្តថាសហគមន៍នេះបានចូលរួមដាំស្តារព្រៃឈើឡើងវិញព្រមជាមួយការចុះល្បាតការពារជាប់ជាប្រចាំ ។ ទន្ទឹមនេះ សហគមន៍មួយនេះបានដាំដើមឈើចំនួន៣លើកមកហើយ ដែលសរុបមានចំនួន ១ ៤៥០ ដើមដែលជាគម្រោងអង្គការដៃគូ។
លោកនាយរងបានបញ្ជាក់បន្ថែមថា៖ «កាលពីមុនពលរដ្ឋមានការប៉ះដៃយកដៃ ប៉ះជើងយកជើង ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពួកគាត់បានយល់ជ្រួតជ្រាបពីច្បាប់ព្រៃឈើ និងច្បាប់ធនធានធម្មជាតិ ពួកគាត់មានការខ្លាចរអាក្នុងការកាប់ទន្រ្ទានព្រៃឈើ និងបទល្មើសផ្សេងៗផងដែរ»។
បើតាមលោក សេង សម័យ ក៏បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងស្រុកសំឡូត មានសហគមន៍សរុបចំនួន ១៤សហគមន៍។នាពេលបច្ចុប្បន្នប្រជាសហគមន៍តាមតំបន់ព្រៃឈើតែងអាស្រ័យផលក្នុងការរកទឹកឃ្មុំ រកផ្សិត បន្លែបង្ការនានាដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






