ប្រជាពលរដ្ឋតំបន់កោះរ៉ុង មានបណ្តាញអគ្គិសនីជាតិប្រើប្រាស់
- June 22, 2023
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុង មធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមាន៖ ពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់, កោះតាទាម, ភ្ជាប់មកកោះស្តេច, កោះសាមិត, កោះអំពិល, មកដល់កោះស្មាច់, ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយថ្ងៃនេះយើងសម្ពោធសមិទ្ធផលថ្មីក្នុងអាណត្តិទី៦ ។ ខេត្តព្រះសីហនុទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន តភ្ជាប់ពីភូមិមួយទៅភូមិមួយ សម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ និងមានសមិទ្ធផលជាច្រើនផ្សេងៗទៀត ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន។ ថ្ងៃនេះយើងបានតភ្ជាប់បណ្តាញអគ្គិសនី ពីខេត្តកោះកុង មកកាន់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដូចនេះអ្នកកោះរ៉ុងមានសំណាង មាន បណ្តាញអគ្គិសនីជាតិប្រើប្រាស់ ហើយគោលដៅអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវការអភិវឌ្ឍធនធានមនុស្ស, ផ្លូវ, ទឹក, និងភ្លើង។ បណ្តាញអគ្គិសនីនេះនិងជួយកាត់បន្ថយការចំណាយថវិកាកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋតំបន់កោះ។ សម្តេចតេជោបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅតំបន់កោះ ពិសេសការតភ្ជាប់បណ្តាញអគ្គិសនីជាតិឱ្យបានលឿន ឆាប់ ដែលមានប្រវែងជាង ១០០គីឡូម៉ែត្រ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា សម្តេចតេជោបានផ្តល់ឱកាសឱ្យឯកឧត្តម កែវ រតនៈ បំពេញការងារតភ្ជាប់បណ្តាញអគ្គិសនីជាតិ មកកាន់តំបន់កោះ ដោយមានការចូលរួមអភិវឌ្ឍន៍ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សាងសង់ផ្លូវបេតុងមានប្រវែងជាង ៤០គីឡូម៉ែត្រ ដើម្បីជំរុញការអភិវឌ្ឍកែឆ្នៃសក្តានុពលវិនិយោគ និងផ្តល់ឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋតំបន់កោះ។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណអ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួល ជួយសង្គ្រោះប្រជាពលរដ្ឋតំបន់កោះ មកកាន់ដីគោក ហើយពេលនេះប្រជាជននៅលើកោះតម្លៃភ្លើងនឹងធ្លាក់ចុះ រួមចំណែកលើកកម្ពស់ជីវភាព ។ ទន្ទឹមនោះយើងត្រូវចាប់យកឱកាសការងារ នៅតំបន់កោះនាពេលខាងមុខ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ទៅគាន់ប្រជាពលរដ្ឋដែលបានចូលរួមថា ជំនួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរសមិទ្ធផលនេះ ដែលបងប្អូនទទួលបានអគ្គិសនី បណ្តាញជាតិប្រើប្រាស់ ហើយក៏ជាប្រវត្តិសាស្ត្រសម្រាប់សង្កាត់កោះរ៉ុង មានដូចជា៖
១- មានភ្លើងបណ្តាញជាតិ ២៤ម៉ោង ព្រោះការផលិតភ្លើងរបស់យើងមានគ្រប់គ្រាន់។
២- អគ្គិសនីចេញពីថាមពលស្អាត ។
៣- ភ្លើងដែលមានតម្លៃថោក ជាភ្លើងអនុគ្រោះ ដែលរដ្ឋជាអ្នកចេញថ្លៃខាតជំនួសប្រជាពលរដ្ឋ។
ការបេ្តជ្ញារបស់សម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យអ្នកកោះរ៉ុង មានទឹកស្អាត ភ្លើងរបស់រដ្ឋប្រើប្រាស់ ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេស។ កម្ពុជាមានប្រភពអគ្គិសនីប្រើដោយ មានដូចជា ១- វារីអគ្គិសនី។ ២- អគ្គិសនីប្រើដោយធ្យូងថ្ម ។ ៣- អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ។
ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយបានឱ្យលុយរាជរដ្ឋាភិបាលខ្ចី ក្នុងការវិនិយោគបណ្តាញខ្សែអគ្គិសនីក្រោមបាតសមុទ្រ ចេញពីខេត្តកោះកុង ឆ្លងកាត់កោះជាច្រើន មកកាន់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រមទាំងបានណែនាំក្រុមហ៊ុន ទទួលអាជ្ញាប័ណ្ណចែកចាយអគ្គិសនីបណ្តាញជាតិ តភ្ជាប់អគ្គិសនីទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ។ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋមានភ្លើងរដ្ឋប្រើប្រាស់គ្រប់គ្នា និងមានតម្លៃស្មើគ្នានៅទូទាំងប្រទេស ។ ព្រោះរដ្ឋជាអ្នកចេញខាត ម្យ៉ាងទៀតរដ្ឋដើរតួជាអាជ្ញាកណ្តាល ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាថ្លៃអគ្គិសនី ហើយបណ្តាញអគ្គិសនីនេះ ជាធនធានជាតិរបស់យើងទាំងអស់គ្នា ។
ដូច្នេះបងប្អូនប្រជានេសាទ និងទូកដឹកភ្ញៀវទេសចរ បន្តចូលរួមផ្សព្វផ្សាយពីតំបន់សុវត្ថិភាព និងចូលរួមថែរក្សា ខ្សែភ្លើងក្រោមបាតសមុទ្ររបស់យើង ដើម្បីប្រើប្រាស់បានយូរ។ កម្ពុជាមានបណ្តាញអគ្គិសនីនៅបាតសមុទ្រ និងបាតទន្លេ សម្រាប់ចក ចាយជូនប្រជាពលរដ្ឋប្រើប្រាស់។ បច្ចុប្បន្នអគ្គិសនីបណ្តាញជាតិ បានគ្របដណ្តប់លើភូមិចំនួន ៩៩ភាគរយ និងបន្តឱ្យប្រជាពលរដ្ឋ នៅតាមជនបទមានភ្លើងប្រើប្រាស់តាមខ្នងផ្ទះឱ្យបាន ១០០ភាគរយ នៅពេលខាងមុខ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






