ស្នងការរាជធានីភ្នំពេញ បំភ្លឺវីដេអូមួយដែលចែកចាយតាមបណ្ដាញសង្គម ករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត
- June 23, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលើមន្ត្រីអនុវត្តច្បាប់។

តាមការពិតជាក់ស្ដែង នៅវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចថែមទៀតផង ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត ឃើញដូច្នេះអ្នកបើកបររថយន្តមិនព្រមឈប់ នៅតែបើកបរទៅមុខរហូតដល់ចម្ងាយជាង ១ គីឡូ ។ ដោយមានការចេញជួយឃាត់ពីប្រជាពលរដ្ឋនៅម្ដុំនោះទើបរថយន្តបង្កព្រមឈប់ ជាសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនម្ចាស់រថយន្ត យកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


- Share This Post:






