ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនបុរសម្នាក់ ដែលបើកបរល្មើសភ្លើងសញ្ញា និងបុកសមត្ថកិច្ច នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

BY
Khmernote Media
June 23, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនបុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ និងបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ជូនថា កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ២៖៤០នាទី មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចថែមទៀតផង ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត ឃើញដូច្នេះអ្នកបើកបររថយន្តមិនព្រមឈប់ នៅតែបើកបរទៅមុខរហូតដល់ចម្ងាយជាង ១គីឡូ ។ ដោយមានការចេញជួយឃាត់ពីប្រជាពលរដ្ឋនៅម្ដុំនោះទើបរថយន្តបង្កព្រមឈប់ ជាសំណាងល្អដែលមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: