តុលាការកំពូលប្រេស៊ីល បានបើកសវនាការលើអតីតប្រធានាធិបតី Jair Bolsonaro ជុំវិញការអះអាងពីការក្លែងបន្លំសន្លឹកឆ្នោត
- BY
- autoadmin
- June 23, 2023
តុលាការបោះឆ្នោតកំពូលរបស់ប្រទេសប្រេស៊ីល បានចាប់ផ្តើមសវនាការលើអតីតប្រធានាធិបតី Jair Bolsonaro លើការចោទប្រកាន់ពីបទរំលោភអំណាចប្រធានាធិបតី ជាមួយនឹងការបញ្ចេញមតិលើប្រព័ន្ធបោះឆ្នោតរបស់ប្រទេស។ ប្រសិនបើរកឃើញថាមានពិរុទ្ធ លោកនឹងត្រូវហាមឃាត់មិនឱ្យឈរឈ្មោះរយៈពេល ៨ឆ្នាំ។ រំលឹកផងដែរថា លោក Bolsonaro បានចាញ់ការបោះឆ្នោតប្រធានាធិបតីនៅខែតុលា ហើយនៅមុនពេលបោះឆ្នោត លោកបានបរិហារប្រព័ន្ធបោះឆ្នោតម្តងហើយម្តងទៀត ដោយនិយាយថា វាមិនគួរឱ្យទុកចិត្ត។

នៅក្នុងការកាត់ក្តីដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ លោក Bolsonaro ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចប្រធានាធិបតីកាលពីឆ្នាំមុន នៅពេលដែលគាត់បានប្រាប់អ្នកការទូតបរទេសថា ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិចងាយនឹងទទួលការក្លែងបន្លំ។ ក្រុមការពារជាតិរបស់លោក Bolsonaro បានប្រកែកថា អតីតប្រធានាធិបតីរូបនេះ មិនបានរំលោភអំណាចរបស់គាត់ទេ។ ពួកគេបាននិយាយថា ការកត់សម្គាល់របស់លោក Bolsonaro គឺជាផ្នែកមួយនៃសកម្មភាពការទូត ហើយមិនមានគោលបំណងចង់យកចំណេញនៅក្នុងការបោះឆ្នោតនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






