ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនស្ត្រីម្នាក់ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ «ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ»

BY
Khmernote Media
June 26, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រពន្ធ័អនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥១៤ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដោយឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ សែម ផល្លា ហៅ សីលា អាយុ២៧ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ២ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហ្គេមឡូតូ។

វត្ថុតាងចាប់យក៖ ម៉ូនីទ័រ ម៉ាកDELL ពណ៌ ខ្មៅ ចំនួន០២ គ្រឿង និងម៉ាក ១-O-DATA, CPU ពណ៌ខ្មៅ ចំនួន០១ គ្រឿង, ឃីបត ពណ៌ខ្មៅ ចំនួន០១, ម៉ៅ ចំនួន០១, ដុំ វាយហ្វាយ ចំនួន០១, ប្រាក់ ចំនួន៤៥០០០រៀល​ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: