សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យចៅក្រមព្យាយាមសម្របសម្រួលជម្លោះប្ដីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងលះគ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន ស្នើឱ្យចៅក្រមព្យាយាមសម្របសម្រួលជម្លោះប្ដីប្រពន្ធ កុំលើកទឹកចិត្តឱ្យកែងលះគ្នា។ ការណែនាំ របស់សម្ដេចតេជោ ដល់ចៅក្រមនេះ ត្រូវបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោបានមានប្រសាសន៍ថា៖ «ខ្ញុំសំណូមពរឱ្យចៅក្រមរបស់យើង ឱ្យប្រើប្រាស់វិធីសម្របសម្រួលជាមូលដ្ឋាន លើកលែងតែករណីទៅមិនរួច គឺកាត់ក្ដីយកតែម្ដង ប៉ុន្តែយើងលើកទឹកចិត្តគ្រប់ថ្នាក់ទាំងអស់រាប់ទាំងអាជ្ញាធរដើរតួធ្វើការសម្របសម្រួលរហូតដល់រឿងក្ដីនេះបានចូលដល់តុលាការហើយ វានៅតែជាសមត្ថកិច្ចដែលអាចធ្វើការសម្របសម្រួលបានក្នុងក្របខណ្ឌនៃរឿងរដ្ឋប្បវេណី ឥលូវឧទាហរណ៍ ខ្ញុំលើករឿងមួយ រឿងលែងលះប្ដីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងលះពេក ហៅសម្រុះសម្រួលគ្នាសិនទៅ តិចទៅគេត្រូវគ្នាវិញហើយ។ ជួនកាលវាអ៉ីចឹង ឡើងទៅដល់តុលាការហើយហ្នឹង តុលាការចង់ចេញសាលក្រមលុបអេតាស៊ីវិល ប៉ុន្តែដល់ទៅសម្រុះសម្រួល អ្នកដែលគេពូកែសម្រុះសម្រួល ធ្វើការសម្រុះសម្រួលចុះសម្រុះសម្រួលឡើង មានផ្ទៃពោះមួយទៀតបាត់» ៕


អត្ថបទ៖ លីនី