អន្តរជាតិ

កូរ៉េខាងត្បូងនឹងដាក់ពង្រាយនាយទាហានជាស្ត្រីនៅលើនាវាមុជទឹកទម្ងន់ ៣,០០០ តោនរបស់ខ្លួន ជាលើកដំបូងបំផុតនៅឆ្នាំក្រោយនេះ

BY
autoadmin
June 26, 2023

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Herald បានរាយការណ៍ថា កងទ័ពជើងទឹកប្រទេសកូរ៉េខាងត្បូងនឹងដាក់ពង្រាយមន្ត្រីការងារជាស្ត្រី នៅលើនាវាមុជទឹកទម្ងន់ ៣,០០០ តោនរបស់ពួកគេ ជាលើកដំបូងបំផុតរាប់ចាប់ពីឆ្នាំក្រោយនេះ។ កូរ៉េខាងត្បូងមិនដែលដាក់នាយទាហានជាស្ត្រីនៅលើនាវាមុជទឹកនោះទេ ចាប់តាំងពីកងទ័ពជើងទឹកបានដាក់ឱ្យប្រើប្រាស់នាវាមុជទឹក Jang Bogo ជាលើកដំបូងកាលពី ៣០ឆ្នាំមុន នៅក្នុងឆ្នាំ១៩៩៣។ គួរឱ្យដឹងដែរថា កងទ័ពជើងទឹកបានផ្តួចផ្តើមដំណើរការពិនិត្យឡើងវិញតាំងពីឆ្នាំ២០១៤ ដើម្បីពិចារណាលើការដាក់បញ្ចូលមន្ត្រីកងទ័ពជើងទឹកស្ត្រីនៅក្នុងបេសកកម្មនាវាមុជទឹករបស់ពួកគេ។

មន្ត្រីការងារជាស្ត្រីដែលមិនទទួលបន្ទុកចំនួន ៧នាក់ ត្រូវបានជ្រើសរើសកាលពីដើមខែនេះ ក្នុងចំណោមបេក្ខជនចំនួន ២២ នាក់ ដើម្បីបម្រើការលើនាវាមុជទឹក។ ដំបូងឡើយ កងទ័ពជើងទឹកមានគម្រោងជ្រើសរើសមន្ត្រីការងារជាស្ត្រី ដែលមិនទទួលបន្ទុកចំនួន ៤នាក់ ជាសមាជិកនាវិកនាវាមុជទឹក ប៉ុន្តែដោយសារចំនួនបេក្ខជនច្រើនសន្ធឹកសន្ធាប់ កងទ័ពជើងទឹកបានសម្រេចចិត្តបង្កើនចំនួនការជ្រើសរើស។ កាលពីខែមុនកងទ័ពជើងទឹកក៏បានជ្រើសរើសមន្ត្រីជាស្ត្រីចំនួន ២រូប សម្រាប់បេសកកម្មនាវាមុជទឹក នៅក្នុងចំណោមបេក្ខជនចំនួន ៣ នាក់ផងដែរ។

នាយទាហានជើងទឹកស្ត្រីទាំង ៩នាក់ ដែលត្រូវបានជ្រើសរើស នឹងត្រូវទទួលការបណ្តុះបណ្តាលនៅកងហ្វឹកហ្វឺន និងអប់រំទី៩០៩ ក្រោមបញ្ជាការកងកម្លាំងនាវាមុជទឹករបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង រហូតដល់ដើមឆ្នាំក្រោយ។ នៅពេលបញ្ចប់ការហ្វឹកហ្វឺនដោយជោគជ័យ និងការរៀបចំដែលចាំបាច់ ពួកគេនឹងចាប់ផ្តើមតួនាទីរបស់ពួកគេជាផ្លូវការ ក្នុងនាមជាសមាជិកនាវិកនាវាមុជទឹកចាប់ពីឆ្នាំក្រោយ។ អ្នកទាំង ៩នាក់ នឹងបម្រើការងារនៅលើនាវាមុជទឹកទម្ងន់ ៣,០០០ តោន ចំនួន ២ គឺ Dosan An Chang-ho និង An Mu៕

អត្ថបទ៖ លីដា
ប្រភព៖ Korea Herald

Share This Post: