ចន្ទគ្រាសដ៏ធំរះឡើងក្នុងប្រទេសសឹង្ហបុរី ចំថ្ងៃពិធីបុណ្យបង្ហោះគោម ១៥ថ្ងៃ បន្ទាប់ពីចូលឆ្នាំចិន
ប្រទេសសឹង្ហបុរីនៅយប់ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ មានបាតុភូតធម្មជាតិចន្ទគ្រាសដ៏ធំមួយដែលគេហៅថា «Super snow moon» បានរះត្រដែត និងក្លាយជាទស្សនីយភាពមួយដ៏ស្រស់ស្អាត។ បើយោងតាមអង្គការវិទ្យាសាស្រ្តនៃប្រទេសសិង្ហបុរីបានឱ្យដឹងថា បាតុភូត Supermoon នេះគឺវាកើតឡើងនៅពេលដែលព្រះច័ន្ទពេញវង្សខិតកៀកមកជិតបំផុតទៅលើផែនដី ដែលបណ្តាលឱ្យវាមើលទៅធំជាងចន្ទគ្រាសធម្មតា។
អង្គការមួយនេះក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ចន្ទគ្រាសនេះនឹងមើលឃើញល្អបំផុតនៅប្រហែលម៉ោង ៧ និង ៣០នាទីយប់។ ពួកគេក៏បានណែនាំដល់អ្នកចូលចិត្តរកទីតាំងដែលមានភាពស្រលះងាយស្រួលមើលទៅលើមេឃផងដែរ ហើយចំពោះទីតាំងរបស់ចន្ទគ្រាសគឺនៅទិសខាងកើត។ វាគឺជាបាតុភូតចន្ទគ្រាសដ៏ធំបំផុតសម្រាប់ ឆ្នាំ២០១៩ និងស្របចំពេលពិធីបុណ្យបង្ហោះគោម (Lantern Festival) ផងដែរ ដែលវាជាចំណែកធ្វើឱ្យកាន់តែមានទស្សនីយភាពសប្បាយរីករាយ៕






អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia