សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារដល់កម្មការិនីម្នាក់នៅបាវិតដែលសម្រាលកូនចំថ្ងៃដែលសម្ដេចចុះជួប សម្រាប់សងធនាគារ និងប្រកាសជួយចិញ្ចឹមកូនរហូតដល់អាយុ ៣ឆ្នាំ
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចបានឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» ដែលសម្រាលពេលចូលរួមកម្មវិធីសំណេះសំណាលនៅបាវិត សម្រាប់សងធនាគារដែលយកមកសង់ផ្ទះ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានប្រកាសជួយចិញ្ចឹមទារិកា «ខន សែនចរណៃ» រហូតដល់អាយុ ៣ឆ្នាំ ដោយឧបត្ថម្ភប្រមាណ ១លានរៀលក្នុងមួយខែ។
គួរបញ្ជាក់ផងដែរថា ទារិកា «ខន សែនចរណៃ» បានកើតចំថ្ងៃដែលសម្ដេចតេជោ បានចុះជួបសំណេះសំណាលនៅបាវិត ខេត្តស្វាយរៀង ដោយពេលនោះសម្ដេចតេជោ បានអនុញ្ញាតឱ្យប្រើឈ្មោះ «សែន» ហើយបានចាត់ទុកជា ចៅម្នាក់ នៅស្វាយរៀង។ លើសពីនេះ ដោយឃើញថា ម្ដាយរបស់ទារិកាដ៏សំណាងមួយនេះ សាងសង់ផ្ទះបានល្អនៅលើដីដែលឪពុកម្ដាយចែកអោយ ដោយយកកម្ចីពីធនាគារ និងនៅជំពាក់ធនាគារចំនួន ២១០០០ដុល្លារទៀត សម្ដេចតេជោក៏បានឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ សម្រាប់សងធនាគារ ហើយសម្ដេចក៏ប្រកាសចិញ្ចឹមទារិការយៈពេល ៣ឆ្នាំ៕




អត្ថបទ៖ លីនី