សហរដ្ឋអាមេរិកបានរកឃើញករណីជំងឺគ្រុនចាញ់ជាលើកដំបូងបំផុត ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ
- BY
- autoadmin
- June 27, 2023
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃច័ន្ទ ទី២៦ ខែមិថុនា បានរាយការណ៍ថា ករណីជំងឺគ្រុនចាញ់ចំនួន៥ ត្រូវបានបញ្ជាក់នៅរដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ដែលជាការរកឃើញដំបូងបំផុតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ។ ទីភ្នាក់ងារបាននិយាយថា ករណីចំនួន៤ នៅរដ្ឋផ្លរីដា រួមជាមួយនឹងករណី ១ នៅរដ្ឋតិចសាស់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ CDC នៅក្នុងការចេញផ្សាយមួយ ក៏បានដាស់តឿនផងដែរថា ជំងឺគ្រុនចាញ់ត្រូវបានចាត់ទុកថាជាគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត ហើយអ្នកដែលមានរោគសញ្ញាគួរតែត្រូវបានវាយតម្លៃជាបន្ទាន់។

រដ្ឋផ្លរីដាបាននិយាយថា ករណីដំបូងរបស់ខ្លួនត្រូវបានធ្វើរោគវិនិច្ឆ័យ កាលពីថ្ងៃទី២៦ ខែឧសភា នៅ Sarasota County ខណៈដែលមន្រ្តីនៅរដ្ឋតិចសាស់ នៅថ្ងៃទី២៣ ខែមិថុនា បាននិយាយថា អ្នកស្រុកតិចសាស់ ១ ដែលធ្វើការនៅ Cameron County ត្រូវបានរកឃើញថាមានជំងឺនេះ។ ទោះជាយ៉ាងណាក៏ដោយ CDC បាននិយាយថា ហានិភ័យនៃជំងឺគ្រុនចាញ់នៅតែមានកម្រិតទាបនៅក្នុងសហរដ្ឋអាមេរិក ហើយករណីភាគច្រើនត្រូវបានឆ្លងចូល នៅពេលដែលមនុស្សធ្វើដំណើរទៅក្រៅប្រទេស។ ទីភ្នាក់ងារសុខភាពនេះបាននិយាយថា ៩៥% នៃការឆ្លងមេរោគគ្រុនចាញ់ គឺនៅក្នុងទ្វីបអាហ្រ្វិក។
ជំងឺគ្រុនចាញ់គឺបណ្តាលមកពីពពួកប៉ារ៉ាស៊ីត ៥ ប្រភេទ ដែលចម្លងដោយមូសញីមួយចំនួន។ រោគសញ្ញារួមមានគ្រុនក្តៅ ញាក់ ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំង ហើយចង្អោរ រាក និងក្អួតក៏មានដែរ។ ជំងឺគ្រុនចាញ់អាចគំរាមកំហែងដល់អាយុជីវិត រួមទាំងជំងឺខ្សោយតម្រងនោម ប្រកាច់ និងសន្លប់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






