អវកាសយានិកនៅស្ថានីយអវកាសអន្តរជាតិ បានទទួលជោគជ័យក្នុងការកែច្នៃទឹក ៩៨% ចេញពីសំណល់ និងទឹកនោម ដែលបញ្ចេញចោលនៅលើទីអវកាស
- BY
- autoadmin
- June 27, 2023
អវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) បានទទួលភាពជោគជ័យនៅក្នុងការកែច្នៃទឹកបាន ៩៨% ចេញពីលាមក និងទឹកនោមរបស់ពួកគេ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារអវកាសណាសា។ សមិទ្ធិផលនៃការកែឆ្នៃទឹកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បេសកកម្មនៅ ISS ក្នុងគោលបំណងផ្តល់នូវតម្រូវការជាមូលដ្ឋានរបស់អវកាសយានិក ដោយមិនចាប់បាច់មានការផ្គត់ផ្គង់ឡើងវិញពីផែនដី។ នេះមានន័យថា អវកាសយានិកបាននិងកំពុងព្យាយាមកែច្នៃ ឬបង្កើតវត្ថុដូចជា៖ អាហារ ខ្យល់ និងទឹក ដើម្បីផ្គត់ផ្គង់តម្រូវការនៅលើ ISS ក្នុងរយៈពេលវែង។

នៅលើស្ថានីយ៍អវកាសអន្តរជាតិ សមាជិកម្នាក់ៗត្រូវការទឹកមួយហ្គាឡុង ឬប្រមាណជា ៣.៧៨ លីត្រ ជារៀងរាល់ថ្ងៃ សម្រាប់ផឹក រៀបចំអាហារ និងអនាម័យ ដូចជាការដុសធ្មេញជាដើម។ គោលដៅដ៏ល្អសម្រាប់រក្សាទឹក គឺការស្ដារឡើង ហើយការកែច្នៃទឹកបាន ៩៨% នឹងក្លាយជាចំណុចចាប់ផ្ដើមនៃបេសកកម្មរយៈពេលយូរ។ ព្រឹត្តិការណ៍នៃការកែច្នៃទឹកឡើងវិញនេះ ត្រូវបានធ្វើឡើងដោយប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងជំនួយជីវិត (ECLSS) កំឡុងពេលធ្វើបទបង្ហាញសន្និបាតប្រព័ន្ធដំណើរការទឹកនោម (UPA) ដែលទឹកត្រូវបានគេស្ដារចេញទឹកពីទឹកនោម ដោយប្រើម៉ាស៊ីនចម្រោះ vacuum distillation។
ជម្រាបផងដែរថា ECLSS ត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃ hardware រួមទាំងប្រព័ន្ធស្តារទឹក ដែលប្រមូលទឹកសំណល់ និងឧបករណ៍ស្រូបសំណើមកម្រិតខ្ពស់ ដែលចាប់យកសំណើមពីខ្យល់នៅលើ ISS ដែលបានមកពីការដង្ហើម និងញើសរបស់អវកាសយានិក។ ទឹកដែលប្រមូលបាននេះត្រូវបានបញ្ជូនទៅ Water Processor Assembly (WPA) ដែលនឹងផលិតទឹកស្អាត ដែលអាចផឹកបាន។ វាអាចនឹងមានមតិខ្លះយល់ថា ការធ្វើបែបនេះគឺដូចជាអវកាសយានិកកំពុងផឹកទឹកនោមខ្លួនឯង ប៉ុន្តែក្រុមការងារបានបញ្ជាក់ថា តាមពិតទៅ ទឹកដែលផលិតនៅលើ ISS គឺល្អជាងអ្វីដែលប្រព័ន្ធទឹកផលិតនៅលើផែនដីទៅទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Space
- Share This Post:






