ក្រុមជម្រើសជាតិនារីរបស់ចាម៉ៃកា កំពុងស្វែងរកការរៃអង្គាសថវិកាដោយខ្លួនឯង ក្រោយគ្មានការជួយពីសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះ
- BY
- autoadmin
- June 28, 2023
ក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់ប្រទេសចាម៉ៃកា ត្រូវបង្ខំចិត្តដោះស្រាយបញ្ហាហិរញ្ញវត្ថុដោយខ្លួនឯង ដើម្បីអាចទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup 2023 នៅក្នុងទ្វីបអូស្ត្រាលីបាន បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះ មិនបានគោរពតាមសន្យារបស់ខ្លួន។ ក្រុម Reggae Girlz នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នារីឆ្នាំ២០២៣ នៅខែកក្កដា។ ប៉ុន្តែរហូតមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់ចាម៉ៃកា មិនបានផ្តល់ដំណឹងពាក់ព័ន្ធនឹងការចំណាយថ្លៃសំបុត្រយន្តហោះ ទៅតាមអ្វីដែលពួកគេធ្លាប់បានសន្យាពីមុនទេ។

វាគួរតែជាពេលវេលាដែលក្រុមជម្រើសជាតិនារីចាម៉ៃកា ត្រូវផ្ដោតលើការហ្វឹកហាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីការប្រកួតកម្រិតពិភពលោក ដែលនឹងចូលមកដល់ឆាប់ៗនេះ។ ប៉ុន្តែផ្ទុយទៅវិញ Reggae Girlz ត្រូវមករិះរកវិធីដោះស្រាយបញ្ហាហិរញ្ញវត្ថុទាំងអស់គ្នា ដែលយ៉ាងហោចណាស់ពួកគេត្រូវការ ១០០,០០០ ដុល្លារអាមេរិក ដើម្បីគ្រប់គ្រាន់ក្នុងការចំណាយថ្លៃធ្វើដំណើរ។ ក្រុមជម្រើសជាតិនារីចាម៉ៃកា បានសម្ដែងការខកចិត្តយ៉ាងខ្លាំង នៅពេលដែលសហព័ន្ធកីឡាបាល់ទាត់បានទុកពួកគេចោលបែបនេះ។
ឥឡូវនេះ ម្តាយរបស់កីឡាការនី Havana Solaun បានចាប់ផ្តើមកម្មវិធីរៃអង្គាសប្រាក់នៅលើគេហទំព័រ GoFundMe ខណៈដែលសមាជិកក្នុងក្រុមដទៃទៀត ក៏ត្រូវប្រើប្រាស់លុយផ្ទាល់ខ្លួន ដើម្បីជួយមូលនិធិនេះឱ្យបានដល់គោលដៅ។ ក្រុមជម្រើសជាតិនារីចាម៉ៃកា ក៏រំពឹងនឹងទទួលបានប្រាក់ពី FIFA ជាមធ្យម ២៨,០០០ ក្នុងម្នាក់ៗប៉ុណ្ណោះ ព្រោះថា សហព័ន្ធកីឡាបាល់ទាត់ចាម៉ៃកា ក៏មិនបានសន្យាផ្តល់ប្រាក់រង្វាន់ណាមួយដល់ក្រុមជម្រើសជាតិ នៅក្រោយពេលចប់ភារកិច្ចនោះដែរ៕


- Share This Post:






