ប្រមុខរាជរដ្ឋាភិបាល នៅតែបន្តអំពាវនាវកុំឱ្យមានការរើសអើងចំពោះអ្នកផ្ទុកជំងឺអេដស៍
- June 27, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តអំពាវនាវកុំឱ្យមានការរើសអើងអ្នកផ្ទុកជំងឺអេដស៍ ខណៈអ្នកឆ្លងជំងឺអេដស៍ មាននិន្នាការ កើនឡើង។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំងឺអេដស៍ មានការកើនឡើងជាង៣០០ករណី បើប្រៀបធៀបជាមួយឆ្នាំ២០២២ ដែលមានការឆ្លងជំងឺអេដស៍ ចំនួន១៤០០ករណី ហើយមូលហេតុនៃការឆ្លងជំងឺអេដស៍មានការកើនឡើងនេះ តាមរយៈការស្រាវជ្រាវ ដោយសារតែមនុស្សស្រឡាញ់ភេទដូចគ្នា។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនធ្វើច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែក៏មិនហាមឃាត់ការស្រឡាញ់ភេទដូចគ្នានោះដែរ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា កម្ពុជាមិន មានការរើសអើងទេ ការយកភេទដូចគ្នា រវាងស្រីយកស្រី ប្រុសយកប្រុស ប៉ុន្តែអ្វីដែលជាកង្វល់ គឺការឆ្លង មេរោគថ្មីៗនៃជំងឺអេសដ៍ ដែលកើតច្រើនជាមួយអ្នកយកភេទដូចគ្នា ជាពិសេសប្រុសនិងប្រុស ខណៈដែល ការស្រឡាញ់ភេទដូចគ្នាស្រីនិងស្រីមិនសូវជាមានបញ្ហានោះទេ។ សម្តេចតេជោ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា កម្មករ កម្មការិនីទាំងអស់ កុំរើសអើង ចំពោះ អ្នកដែលមានជំងឺ ប៉ុន្តែត្រូវចូលរួមបង្ការនិងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺអេដស៍នេះ។ បន្ថែមពីនោះទៀត ចំពោះអ្នកដែលសង្ស័យថា មានជំងឺអេសដ៍ត្រូវទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទទួលបាន ការព្យាបាលឱ្យទាន់ពេលវេលា។
« សំណូមពរនៅទីនេះ បញ្ជាក់ប្រាប់ថា ជំងឺអេសដ៍មិនទាន់អស់ពីកម្ពុជានោះទេ ត្រូវតែមានការ ប្រុងប្រយ័ត្នការពារខ្លួន។ សូមកុំមានការរើសអើងចំពោះអ្នកមានជំងឺអេដស៍ បើសិនជាគ្នាបានជាកើត ជំងឺអេដស៍ ការងារដែលធ្លាប់ធ្វើទាំងប៉ុន្មានក៏ឱ្យគ្នាធ្វើទៅ ហើយបើសិនគ្នាធ្វើការងារក៏ឱ្យគ្នាធ្វើការទៅ កុំរើសអើង ឯអ្នកដែលយកដៃគូជាមួយគ្នាក៏ត្រូវមានវិធានការការពារខ្លួន ព្រោះប្រៀបធៀបនឹងជំងឺកូវីដ១៩ ជំងឺកូវីដ១៩មានថ្នាំព្យាបាល ប៉ុន្តែជំងឺអេដស៍គឺគ្មានថ្នាំព្យាបាល។ នេះជាការផ្តាំផ្ញើជាការអំពាវនាវ ហើយបើសង្ស័យថាមានជំងឺអេដស៍ត្រូវទៅធ្វើតេស្តបន្ទាន់ ដើម្បីទទួលបានសេវាព្យាបាល នេះជា សំណូមពរមិនហួសហេតុពេកទេ ដែលសង្ឃឹមថា នៅគ្រប់ទីកន្លែងទាំងអស់នឹងបន្តការខិតខំទៅលើរឿង នេះ គ្មាននរណាទទួលផលប្រយោជន៍ក្រៅពីយើងទេ ប្រទេសរបស់យើងជំងឺអេដស៍វាថយចុះខ្លាំង មែនទែន ប៉ុន្តែបែរជាកើនដំណាក់កាលចុងក្រោយ ដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន។អ៊ីចឹងទេសូមអំពាវនាវក្មួយៗមនុស្សទាំងអស់នៅទូទាំងប្រទេស ទៅលើបញ្ហាការការពារ សុខភាព ព្រោះរឿងនេះសំខាន់ណាស់ »៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






