រដ្ឋបាលខេត្តពោធិ៍សាត់ នឹងសហការជាមួយព្រះចៅអធិការវត្ត ដើម្បីកែលម្អឱ្យបានសមរម្យឡើងវិញ នូវព្រះពុទ្ធរូបផ្ចាញ់មា ១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល
- June 28, 2023
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ…។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើយើងមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។
រដ្ឋបាលខេត្តពោធិ៍សាត់ នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅ អធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឲ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អ ឲ្យបានសមរម្យ ៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
- Share This Post:






