ប្រាក់រង្វាន់រាជរដ្ឋាភិបាលកម្ពុជាជិត ៧លានដុល្លារប្រគល់ជូនដល់ជ័យលាភីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
- June 28, 2023
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណ ៦ ៦៥៩ ៤១៤ ដុល្លារអាម៉េរិក ត្រូវបានប្រគល់ជូនដល់ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលដណ្តើមបាន ទាំងស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិ CAMSOC-CAMAPGOC។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC បានគូសបញ្ជាក់ នៅក្នុងកម្មវិធីបូកសរុបការងារ SEA Games-ASEAN Para Games ឆ្នាំ២០២៣ និងពិធីជូនប្រាក់រង្វាន់ជ័យលាភីកីឡា SEA Games និង ASEAN Para Games នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះថា ដោយទទួលបានការយកចិត្ត ទុកដាក់ ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ជំរុញទឹកចិត្ត កីឡាករ-កីឡាការិនីជាតិ រាជ រដ្ឋា ភិ បាលបានចេញអនុក្រឹត្យផ្ដល់ប្រាក់រង្វាន់ជូនអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយ ដណ្ដើម បានជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធ តាមកម្រិតការប្រកួតពហុកីឡា ដូចជា មេដាយមាស កីឡាករ ឬកីឡាការិនីម្នាក់ទទួលបាន ៤០លានរៀល, មេដាយប្រាក់ កីឡាករ ឬកីឡាការិនីម្នាក់ទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ កីឡាករ ឬកីឡាការិនីម្នាក់ទទួលបាន ១៦លានរៀល។ រីឯគ្រូបង្វឹកបង្គោលបានស្មើ នឹងកីឡាករ មេដាយ ខ្ពស់បំផុតរបស់ខ្លួន និងគ្រូបង្វឹកជំនួយបាន ៧០ភាគរយ នៃគ្រូបង្វឹកបង្គោល។
ដោយ ឡែកសម្រាប់កីឡាជាក្រុម “Team Sport” ចូលរួមប្រកួត SEA Games ដូចជា កីឡា បាល់ទាត់ បាល់ទះ និងបាល់បោះ បើដណ្ដើមបានចំណាត់ថ្នាក់លេខ៤ ត្រូវបាន ប្រកាស អន្តរ ក្រសួងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ១០ម៉ឺនរៀលម្នាក់ រួមទាំង គ្រូបង្គោល និង គ្រូ ជំនួយបាន ៧០ភាគរយ នៃ ១០ម៉ឺនរៀល។
សម្រាប់ជ័យលាភីកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើគិតចំនួនមេដាយ មាស ប្រាក់ សំរឹទ្ធ សរុបទឹក ប្រាក់ ចំនួន ២៧ ៣០៣ ៦០០ ០០០រៀល (ប្រមាណ ៦ ៦៥៩ ៤១៤ ដុល្លារអាម៉េរិក)។ ក្នុងនោះជ័យលាភី SEA Games មានកីឡាករ កីឡាការិនី និងគ្រូបង្វឹកចំនួន ៥៩៨នាក់ ក្នុងនោះគ្រូបង្វឹកកីឡាករជ័យលាភីកូនខ្មែរក្រៅប្រទេសចំនួន ៨៦នាក់ មានទឹកប្រាក់ ចំនួន ៣ ៩៣៥ ០០០០០០រៀល បានបើកជូនមុនពេលចាកចេញពីកម្ពុជារួចហើយ។ ដូចនេះ ឥឡូវ នៅសល់ជ័យលាភីចំនួន ៥១២នាក់ ត្រូវផ្តល់ប្រាក់រង្វាន់ជូនចំនួន ១៩ ១២៧ ២០០ ០០០រៀល។ រីឯជ័យលាភីកីឡាជនពិការ ASEAN Para Games លើកទី១២ មានជ័យលាភី មេដាយមាស ប្រាក់ សំរឹទ្ធ ចំនួន ៤ ២៤១ ៤០០ ០០០រៀល (ប្រមាណ ១ ០៣៤ ៤៨៧ ដុល្លារ)។
ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ “SEAGF Council” គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធ Para Olympic អាស៊ាន ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ CAMSOC/CAMAPGOC និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរៀបចំការប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះទទួលបានជោគជ័យ និងមានស្តង់ដារកីឡាអន្តរជាតិខ្ពស់គួរឱ្យកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត៕


ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






