សម្ដេចតេជោ ហ៊ុន សែន៖ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីខ្មែរប៉ុន្មានថ្ងៃអត់មានផ្ទុះអាវុធសូម្បីមួយគ្រាប់
នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ម្សិលមិញខ្ញុំបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជូនកម្លាំងឱ្យយោធភូមិភាគទី១ ដោះស្រាយបញ្ហា ហើយកាលពីយប់មិញ មានដ្រូនមក ៥គ្រឿងទៀត ក៏ប៉ុន្តែអស់លោកសូម្បីអាវុធផ្ទុះមួយគ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រឹមយក CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំនោះ»។
សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា៖ «ឥលូវឡើងទៅហើយ អាកាំជ្រួចសម្រាប់បាញ់យន្តហោះ ប៉ុន្តែវាមិនគ្រប់ទេ ដីរបស់យើងវាធំ ជួនកាលវាហោះគេច ចឹងទេអស់លោកដំឡើងទៅ កាំភ្លើងយើងតាំងពីអា ៣០មីលីម៉ែត្រ អា ១២ ក៏ដាក់ អា ២៣ក៏ដាក់ និយាយរួមបាញ់តែម្ដង ចាប់ពីល្ងាចនេះទៅ បើលោកឯងមិនផ្ទុះអាវុធគឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗគេចូលប៉ុន្មានថ្ងៃត្រឹមតែបាញ់ ២ ៣ គ្រាប់ CKC ហើយយកទៅបាញ់ផេះអី។ ឥឡូវធ្វើតាមក្បួនរបស់ខ្ញុំ ដាក់សំណាញ់មេឃ បាញ់ពីក្រោមចំណាយ ១លាន ២លានគ្រាប់ចោលទៅ គង់អីមិនត្រូវ»៕


អត្ថបទ៖ លីនី
