ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវពលរដ្ឋ ស្វែងរកការផ្តល់សេវាសាធារណៈ ដើម្បីចៀសវាងការចំណាយថវិកាក្រៅផ្លូវការច្រើន

BY
Khmernote Media
June 29, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចៀសវាង ការខាតបង់ថវិកាច្រើនក្នុងការរត់ការ លើឯកសារផ្សេងៗពាក់ព័ន្ធនឹង យានយន្ត រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទទួលពិភាក្សាសេវាសាធារណៈដែលនៅជិតបំផុត ពិសេសនោះតាមផ្សារទំនើប ប្រសិនបើចង់ប្តូរប័ណ្ណកម្មសិទ្ធិ និងសេវានានា។

ថ្លែងក្នុងពិធីដាក់ជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៉ីអន ម៉លមានជ័យ(ផ្សាអីអន៣)នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន បានបញ្ជាក់យ៉ាងដូច្នេះថា «បើពលរដ្ឋចង់បានសេវាដូចជាប្តូរប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិ និងសេវានានា សូមទៅទាក់ទងផ្ទាល់នៅមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់នៅផ្សារទំនើប ក្នុងរាជធានីភ្នំពេញ និងនៅតាមទីកន្លែងដែលក្រសួងបាន ដាក់នៅតាមបណ្តាខេត្តនានា។»

ឯកឧត្តមបានបន្ថែមថា សូមកុំទៅប្រើប្រាស់សេវាក្រៅផ្លូវការដែលធ្វើឱ្យយើង ចំណាយថវិកាច្រើនដូចជា ការប្តូរប័ណ្ណបើកបរ និងផ្ទេរកម្មសិទ្ធិ។ល។ អីចឹង ត្រូវមកធ្វើការស្នើសុំនៅ មណ្ឌលសេវាសាធារណៈរបស់ក្រសួងសាធារណការ ដែលមានសារៈសំខាន់ណាស់។ នាឱកាសនោះ លោក ហ៊ាង សុទ្ធយុត្តិ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈបានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសេវាសាធារណៈ នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសក្ខីភាពបង្ហាញ ឱ្យឃើញនូវការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំក្រសួង ក្នុងការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារទំនើប និងអាចមកទទួលសេវាសាធារណៈ ទាំងថ្ងៃធ្វើការទាំងថ្ងៃឈប់សម្រាប់ ទាំងពេលថ្ងៃ និងពេលយប់។

លោក ហ៊ាង សុទ្ធយុត្តិ បន្ដថា ក្រៅពីការពង្រីកបន្ថែមទីតាំងផ្តល់សេវា និងជាចំណងដៃ បន្ថែមជូនដល់ប្រជាពលរដ្ឋ ក្នុងការតាមដានការស្ថានភាពការទទួលសេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍ឱ្យរៀបចំ កម្មវិធីថ្មីមួយ គឺកម្មវីធី MPWT Public Service Tracking។

សូមរំលឹកថា គិតចាប់តាំងពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបង្កើតឱ្យមានមណ្ឌលផ្ដល់សេវាសាធារណៈ នៅតាមផ្សារទំនើប និងទីប្រជុំជននានា បានចំនួន ៧ទីតាំង រួមមាន៖ នៅផ្សារទំនើប អ៊ីអនម៉ល១, ផ្សារទំនើបអ៊ីអនម៉ល២, ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល, ទីស្ដីការក្រសួង សាធារណការ, ផ្សារទំនើបហេរីថេកវ៉ក, ផ្សារទំនើបហ្វូរី ថែមសឃ្វែរម៉ល ក្រុងព្រះសីហនុ និងនៅផ្សារទំនើបអ៉ីអនម៉ល មានជ័យ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: