ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់លេងហ្វេសប៊ុកជាស្ថាពរ និងស្នើទៅក្រុមហ៊ុនហ្វេសប៊ុក ឱ្យលុបចោលឈ្មោះសម្តេចចេញពីបញ្ជីហ្វេសប៊ុក

BY
Khmernote Media
June 30, 2023

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។

យោងតាមខ្លឹមសារសំណេរ ក្នុងប្រព័ន្ធតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) ខ្ញុំជាច្រើនដែលមានរហូតជាង ២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្មណ៍ពីការចូលលួចដូច Facebook។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា៖ អាស្រ័យហេតុនេះ ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជី Facebook។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់ខ្ញុំវិញដើម្បី ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំ តាមរយៈតេឡេក្រាមវិញ។ ខ្ញុំក៏បានបង្កើតគណនី TikTok ថ្មី និងមានមនុស្ស២នាក់ យកឈ្មោះខ្ញុំទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង ៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន ២សែននាក់ និងអ្នកចូលចិត្តជាង១២លាននាក់។ ចាប់ពីពេលនេះFacebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់៕

Share This Post: