អន្តរជាតិ

ក្រុមហ៊ុន OceanGate នៅតែផ្សព្វផ្សាយពីដំណើរកម្សាន្ត Titan ទៅកាន់កប៉ាល់ទីតានិច បើទោះបីជាទើបតែជួបបញ្ហាពេលថ្មីៗនេះក៏ដោយ

BY
autoadmin
June 30, 2023

ក្រុមហ៊ុន OceanGate ដែលប្រតិបត្តិការនាវាមុជទឹក Titan និងបានលិចលង់ចូលក្នុងបាតសមុទ្រអាត្លង់ទិក កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នៅតែបន្ដផ្សព្វផ្សាយពាណិជ្ជកម្មអំពីដំណើរកម្សាន្តតម្លៃ ២៥០,០០០ ដុល្លារអាមេរិក នៅលើគេហទំព័ររបស់ខ្លួន។ រំលឹកដែរថា កាលពីសប្តាហ៍មុន OceanGate Expeditions បានបិទទ្វារដោយគ្មានកំណត់ បន្ទាប់ពី CEO របស់ខ្លួន គឺលោក Stockton Rush, មហាសេដ្ឋីអង់គ្លេសលោក Hamish Harding, អ្នកជំនាញមុជទឹកបារាំងលោក Paul-Henri Nergeolet និងពាណិជ្ជករប៉ាគីស្ថានលោក Shahzada Dawood និងលោក Suleman អាយុ១៩ឆ្នាំ បានស្លាប់ នៅពេលដែលនាវាមុជទឹក Titan បានផ្ទុះឡើង កំឡុងដំណើរកម្សាន្តរបស់ពួកគេទៅកាន់កប៉ាល់ទីតានិច។

ប៉ុន្តែច្រើនជាង ១០ថ្ងៃ បន្ទាប់ពីសោកនាដកម្មមួយនោះ និងក្រោយមួយសប្តាហ៍ បន្ទាប់ពីវាត្រូវបានបញ្ជាក់ពីមរណភាពរបស់អ្នកដំណើរនៅក្នុងនាវាមុជទឹក Titan ទាំងអស់ គេហទំព័រ OceanGate នៅតែបង្ហាញពីកាលបរិច្ឆេទ សម្រាប់បេសកកម្មរយៈពេល ៨ថ្ងៃ ដាច់ដោយឡែកចំនួន ២ នៅឆ្នាំក្រោយ។ វាកើតឡើងនៅចំពេលដែលបំណែកសាកសពជនរងគ្រោះ និងផ្នែកខ្លះនៃនាវាមុជទឹក Titan ទើបតែត្រូវបានគេរកឃើញ ហើយស្រង់ឡើងមកលើគោកវិញ។ បំណែកទាំងនោះនឹងត្រូវគេនាំយកទៅវិភាគ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតអន្តរជាតិ ដើម្បីកំណត់កំហុសខុសឆ្គងដែលបណ្ដាលឱ្យ Titan ជួបគ្រោះមហន្តរាយ៕


ជនរងគ្រោះទាំង ៥នាក់ នៅក្នុងនាវាមុជទឹក Titan

អត្ថបទ៖ លីដា
ប្រភព៖ The Independent

Share This Post: