មនុស្សជាង ៣,០០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង បន្ទាប់ពីមរណភាពរបស់ក្មេងអាយុ ១៧ឆ្នាំម្នាក់ ចាប់តាំងពីសប្ដាហ៍មុន
មនុស្សជាង ៣,០០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសបារាំង នៅក្នុងការតវ៉ាដោយហិង្សា ដែលត្រូវបានបង្កឡើងដោយការបាញ់ប្រហាររបស់ប៉ូលីស ទៅលើក្មេងជំទង់ម្នាក់កាលពីសប្ដាហ៍កន្លងទៅ។ រំលឹកដែរថា ក្មេងអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលប៉ូលីសឃាត់រថយន្ត នៅជាយក្រុងប៉ារីសនៃ Nanterre កាលពីថ្ងៃអង្គារ។ រដ្ឋាភិបាលបារាំងបានបញ្ជូនមន្ត្រីប៉ូលិស ៤៥,០០០នាក់ និងបុគ្គលិកផ្សេងទៀតដាក់ពង្រាយតាមដងផ្លូវ ខណៈដែលក្រុមអ្នកតវ៉ាបានដុតរថយន្ត និងអគារនានា។ មន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា មនុស្ស ៧១៩ នាក់ត្រូវបានឃុំខ្លួន គិតចាប់ពីយប់ថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្មេងជំទង់ដែលត្រូវគេបាញ់សម្លាប់នោះមានដើមកំណើតអាហ្វ្រិកខាងជើង។ អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃសុក្រថា នេះគឺជាពេលមួយសម្រាប់ប្រទេសបារាំងដើម្បី «ដោះស្រាយបញ្ហាដ៏ស៊ីជម្រៅនៃការរើសអើងជាតិសាសន៍ និងការរើសអើងនៅក្នុងការអនុវត្តច្បាប់»។ រដ្ឋាភិបាលបារាំងបាននិយាយជាការឆ្លើយតបថា ការចោទប្រកាន់ណាមួយអំពីការរើសអើងជាតិសាសន៍ជាប្រព័ន្ធ ឬការរើសអើងដោយប៉ូលីសនៅក្នុងប្រទេសបារាំង គឺគ្មានមូលដ្ឋានទាំងស្រុង។
ឥឡូវនេះ ភាពចលាចលកំពុងមានផលប៉ះពាល់ដល់ការទូតបារាំង ខណៈប្រធានាធិបតី Emmanuel Macron បានពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានកំណត់ពេលសម្រាប់ថ្ងៃអាទិត្យដល់ថ្ងៃអង្គារ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK