ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្មករជិតកន្លះលាននាក់នៅកូរ៉េខាងត្បូង គ្រោងនឹងធ្វើកូដកម្មទូទាំងប្រទេសរយៈពេល ២សប្តាហ៍ ទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែង

    BY autoadmin July 3, 2023
    កម្មករជិតកន្លះលាននាក់នៅកូរ៉េខាងត្បូង គ្រោងនឹងធ្វើកូដកម្មទូទាំងប្រទេសរយៈពេល ២សប្តាហ៍ ទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែង

    សហភាពសហជីពកូរ៉េបានប្រកាសពីការធ្វើកូដកម្មរយៈពេល ២សប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទ ដើម្បីអំពាវនាវឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង។ កូដកម្មនេះត្រូវបានគេរំពឹងថា នឹងមានកម្មករអ្នកតវ៉ាសរុបពី ៤០០,០០០ ទៅ ៥០០,០០០ នាក់ មកចូលរួម ដើម្បីប្រឆាំងនឹងវិធានការកំណែទម្រង់ការងារដែលបានស្នើឡើងដោយលោក Yoon និងជាការជំរុញយ៉ាងទូលំទូលាយ ដើម្បីបដិសេធនឹងគោលនយោបាយប្រឆាំងសហជីពរបស់គាត់។ ទីភ្នាក់ងារ​នគរបាល​ជាតិ​ ក៏គ្រោង​នឹងដាក់ពង្រាយ​ប៉ូលីស​រហូត​ដល់​ទៅ ៩,៣០០ នាក់​ ក្នុង​មួយ​ថ្ងៃ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រមូល​ផ្តុំ​ទាំង​នោះផងដែរ។

    នៅថ្ងៃច័ន្ទ កម្មករប្រមាណ ៣,០០០ នាក់ ដែលភាគច្រើនជាអ្នកនាំសំបុត្រ និងបុគ្គលិកជួសជុលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ នឹងចាប់ផ្តើមធ្វើកូដកម្មនៅទីលាន Gwanghwamun កណ្តាលទីក្រុងសេអ៊ូល។ នៅថ្ងៃពុធ ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំត្រូវបានគ្រោងទុកនៅទូទាំងប្រទេស រួមទាំងនៅទីក្រុងសេអ៊ូល ដេហ្គូ ប៊ូសាន ក្វាងជូ និងកោះជេជូភាគខាងត្បូង។ នៅថ្ងៃបន្ទាប់ បុគ្គលិកផ្នែកសេវាកម្មមួយ នឹងធ្វើបាតុកម្មនៅមុខ Sungnyemun ក្នុងទីក្រុងសេអ៊ូល។ នៅថ្ងៃទី០៨ ខែកក្កដា មន្ត្រីសាធារណៈនឹងធ្វើបាតុកម្មនៅ Yeouido ទីក្រុងសេអ៊ូល។

    នៅថ្ងៃទី១២ ខែកក្កដា កម្មករដែកនឹងចេញមកធ្វើកូដកម្មទូទាំងប្រទេស។ នៅថ្ងៃទី១៣ ខែកក្កដា បុគ្គលិកសុខាភិបាល ពេទ្យ និងបុគ្គលិកការិយាល័យ នឹងប្រមូលផ្តុំគ្នាក្នុងទីក្រុងសេអ៊ូល។ នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា ការ​ជួប​ជុំ​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ទាមទារ​ឱ្យ Yoon លាលែង​ពី​តំណែង។ ការប្រមូលផ្តុំភ្លើងទៀន នឹងត្រូវធ្វើឡើងនៅទូទាំងប្រទេសនៅល្ងាចថ្ងៃទី០៤, ០៧, ១១ និង១៤ ខែកក្កដា ដើម្បីជំរុញឱ្យប្រធានាធិបតីលាលែងពីតំណែង។
    ជម្រាបដែរថា រដ្ឋបាលលោក Yoon បានស្នើផែនការដើម្បីអនុញ្ញាតឱ្យមានការធ្វើការបានរហូតដល់ ៦៩ម៉ោង/សប្ដាហ៍ ខណៈរក្សាអតិបរមាជាមធ្យមក្រោម ៥២ម៉ោង/សប្ដាហ៍។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងពីសហជីព និងក្រុមយុវជន រដ្ឋាភិបាលបានងាកចេញពីផែនការនេះ។ លោក Yoon បានប្រកាន់ជំហរតឹងរ៉ឹងលើអំពើខុសច្បាប់ដែលប្រព្រឹត្តដោយសហជីពការងារ ហើយបានទាមទារឱ្យសហជីពបង្កើនតម្លាភាពហិរញ្ញវត្ថុ ខណៈបានថ្កោលទោសលើការអនុវត្តរបស់សហជីពសំណង់មួយចំនួន ក្នុងការទទួលបានប្រាក់បៀវត្សរ៍ និងយុទ្ធនាការនយោបាយរបស់សហជីពការងារមួយចំនួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: