ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការរំពឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងអនុម័តមុនរដ្ឋាភិបាលអាណត្តិថ្មី

BY
Khmernote Media
July 3, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កី្តរំពឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងអនុម័តមុនរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរាណ៍ឱ្យនៅតិចបំផុត ខណៈក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យ មនុស្សស្លាប់រហូតដល់ ១ ៧០៩ នាក់។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវា សាធារណៈផ្សារទំនើបអ៊ីអនម៉ល មានជ័យ កាលពីពេលថ្មីកន្លងទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មាន ១២ ជំពូក និង ៩០ មាត្រា ត្រូវបានរៀបចំធ្វើចប់សព្វគ្រប់ និងបានបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រី ហើយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ក្រសួងនៅតែរង់ចាំគណៈរដ្ឋមន្ត្រីរៀបចំកិច្ចប្រជុំ ដែលក្រសួងនឹងត្រូវការពារសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកនៅគណៈរដ្ឋមន្ត្រីសិន មុនបញ្ជូនទៅ សភាដើម្បីអនុម័ត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មានទាក់ទងនិង ការប្រើប្រាស់ផ្លូវល្បឿនលឿន និងជាពិសេស ការប្រើគ្រឿងញៀន បើត្រួតពិនិត្យឃើញនោះ អ្នកបើកបរ ត្រូវបាត់បង់សុពលភាពបើកបររថយន្ត ៦ខែ ទៅ១ឆ្នាំ បានអនុញ្ញាតឱ្យបើកបរឡើងវិញ។

សំឡេង «ខ្ញុំសង្ឃឹមថា ច្បាប់នេះអាចឆ្លងសភា មុនអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល អ៊ីចឹងយើងសង្ឃឹម ពេលនេះទៅ រហូតទៅដល់ដាច់ខែសីហា សង្ឃឹមថា ច្បាប់នេះអាចឆ្លងបាន»

គួរកត់សម្គាល់ថា រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យ របស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែ រាជរដ្ឋាភិបាល ចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: