ព័ត៌មានជាតិ

ក្រសួងអប់រំ បានបង្កើនការយកចិត្តទុកដាក់លើវិន័យ សុជីវធម៌របស់សិស្សទូទាំងប្រទេស

BY
Khmernote Media
July 3, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងបានបង្កើនការយកចិត្តទុកដាក់លើ វិន័យ សុជីវធម៌របស់សិស្សទូទាំងប្រទេសតាមរយៈការគ្រប់គ្រងសាលារៀន ពង្រឹងក្រុមប្រឹក្សាយុវជន អង្គការយុវជន និងគ្រូប្រចាំថ្នាក់ផងដែរ ដើម្បីឱ្យការអប់រំកាន់តែល្អ។

ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា ក្រសួងអប់រំ អំពាវនាវដល់អាជ្ញាធរអប់រំ គ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានអប់រំនៅទូទាំងប្រទេស លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាយុវជន សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលរបស់សិស្ស ត្រូវរួមគ្នា ពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌មួយចំនួនផងដែរ។

ក្នុងនោះ គណៈកម្មការ គ្រប់គ្រងសាលារៀន រួមមាន គណៈកម្មការទ្រទ្រង់សាលារៀន សាលារៀន និងគ្រូបន្ទុកថ្នាក់ត្រូវចូលរួម ផ្សព្វផ្សាយ និងអនុវត្តឱ្យបានហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុងសាលារៀនរដ្ឋ និងឯកជន ពិសេសពង្រឹងយន្តការ របស់ក្រុមប្រឹក្សាវិន័យ នៅតាមគ្រឹះស្ថាននីមួយៗឱ្យបានរឹងមាំ។

មួយវិញទៀតឯកឧត្ដមបញ្ជាក់ថា ក្រសួងអប់រំ បានពង្រឹងក្រុមប្រឹក្សាយុវជន និងអង្គការយុវជន នៅតាមគ្រឹះស្ថានសិក្សា រួមមាន ក្រុមកាយរិទ្ធ ជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ត្រូវចូលរួមឱ្យបានផុសផុល ជាមួយសិស្សានុសិស្ស ក្នុងការ កសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសាគ្នា និងការគោរពវិន័យសុជីវធម៌ ព្រមទាំងការគោរពសេចក្តី ថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិទាំងមូល។ «សិស្សានុសិស្សដែលអនុវត្តប្រាសចាកពីបទបញ្ជាផ្ទៃក្នុង ត្រូវទទួលខុសត្រូវចំពោះមុខ ក្រុមប្រឹក្សាវិន័យសិក្សាប្រចាំគ្រឹះស្ថានសិក្សា»

ឯកឧត្ដមបានបន្ថែមថា សម្រាប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចំណាយពេលវេលាមួយចំនួន ក្នុងការ កោះហៅសិស្ស ដើម្បីជួបប្រជុំតាមថ្នាក់ តាមក្រុម នៅពេលមុន ឬ ក្រោយគោរពទង់ជាតិ ដើម្បីណែនាំ ដាស់តឿន ក្រើនរម្លឹក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា។ រីឯគ្រឹះស្ថានសិក្សា ក៏ត្រូវជំរុញឱ្យសិក្សាយល់ដឹងពីអត្ថន័យ នៃបទចម្រៀងគោរពភ្លេងជាតិ ឬ បទពង្សាវតារខ្មែរជាដើម ដើម្បីលើកតម្កើងមោទកភាពជាតិ ឧត្តមភាព និងជាតិនិយម។ ចំពោះគ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជាវិញ ត្រូវបន្តដាស់តឿន ក្រើនរម្លឹក និងពង្រឹងការអប់រំផ្នែកចរិយា ព្រមទាំងបំណិនសម្បទាឱ្យបានគ្រប់ម៉ោងទៅកាន់សិស្សឱ្យអស់ពីលទ្ធភាពតែម្តង។

ឯកឧត្ដមបញ្ជាក់ថា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗ នៅតាម គ្រឹះស្ថានសិក្សា ដោយចាត់វិធានការរដ្ឋបាលតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថាន សិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការ តាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែក ចំពោះករណីបទល្មើសព្រហ្មទណ្ឌ អាជ្ញាធររាជធានី-ខេត្តអនុវត្តនីតិវិធីតាមច្បាប់ដែលមានជាធរមាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: