ក្រុមចំពាមកៅស៊ូ បា.ញ់កញ្ចក់រថយន្ត លើអ្នកដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរហូតបង្រ្កាបបានដល់ទីតាំងជំរុំ
- July 3, 2023
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោយទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណើរ ជនរងគ្រោះ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបើកប្រតិបត្ដិការស្រាវជ្រាវរកមុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ គប់ បាញ់កញ្ចក់រថយន្ដ។

ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានសហការជាមួយកំលាំងនគរបាលប្រចាំការលើផ្លូវល្បឿនលឿនស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខសញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតរត់គេចខ្លួន។
ជាក់ស្ដែងមុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ឈ្មោះ ឈឿម ដែន ហៅ ខ្មៅ ភេទប្រុស ៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានសារភាពនិងបញ្ជាក់ថាខ្លួននិងបក្ខពួកបានធ្វើសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿន ម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ភូមិស្លា។ តាមចម្លើយបន្ថែម ការធ្វើសកម្មភាពមិនរើសប្រភេទរថយន្ដនិងពេលវេលាទេ។ ខ្លួននិងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ប្រើប្រាស់គ្រឿងញៀន) កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលើឡានជាច្រើនតែមិនដឹងថាចំឬបែកកញ្ចក់ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេគឺមានបក្ខពួកផ្សេងទៀត។
ឈ្មោះ ឈឿម ដែន បានសារភាពថាករណីបាញ់កញ្ចក់រថយន្តដោយប្រើជំពាមកៅស៊ូ គឺពេលខ្លះមានប្រសិទ្ធភាពពេលខ្លះមិនបានផលនោះទេ ។
ក្រៅពីខ្លួននៅមានបក្ខពួកផ្សេងទៀតធ្វើសកម្មភាពនេះ ដែលមានឈ្មោះ ខឹ…ន្លក ភេទប្រុស រស់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គេចខ្លួន)។ ករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវ តាមចាប់ជនខាងលើ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្ដតាមនីតិវិធី ៕









- Share This Post:






