នូវែលហ្សេឡង់ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលហាមឃាត់ផ្លាស្ទិកស្តើងៗដែលប្រើសម្រាប់ខ្ចប់ផ្លែឈើឬបន្លែ
- BY
- autoadmin
- July 4, 2023
នូវែលហ្សេឡង់បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលពង្រីកការហាមឃាត់លើថង់ផ្លាស្ទិករហូតដល់ថង់ផ្លាស្ទិកស្តើងៗ ដែលជាធម្មតាត្រូវបានគេប្រើសម្រាប់ច្រកផ្លែឈើ ឬបន្លែ នៅក្នុងផ្សារទំនើបរបស់ពួកគេ។ ចំណាត់ការដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលកាន់តែទូលំទូលាយប្រឆាំងនឹងការប្រើប្រាស់ផ្លាស្ទិក។ ការពិតទៅ អ្នកដើរទិញឥវ៉ាន់ភាគច្រើនបាននាំយកកាបូបផ្ទាល់ខ្លួនរួចស្រាប់ទៅហើយ បន្ទាប់ពីថង់ផ្លាស្ទិកត្រូវបានគេហាមឃាត់ក្នុងឆ្នាំ២០១៩ ប៉ុន្តែការហាមឃាត់នេះគឺជាការរឹតត្បឹតបន្ថែមទៀតលើថង់ផ្លាស្ទិក។

អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Rachel Brooking បាននិយាយថា៖«នូវែលហ្សេឡង់ផលិតកាកសំណល់ច្រើនពេក កាកសំណល់ប្លាស្ទិកច្រើនពេក»។ លោកស្រីបានបន្ថែមថា ថង់ប្លាស្ទិកជាងមួយពាន់លានត្រូវបានរក្សាទុកចាប់តាំងពីការហាមឃាត់លើថង់ក្រាស់ៗ ដែលចូលជាធរមានក្នុងឆ្នាំ២០១៩។ វិធានការថ្មីនេះត្រូវបានគេរំពឹងថា នឹងទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកចំនួន ១៥០ លាន ក្នុងមួយឆ្នាំៗ។ អ្នករិះគន់បានលើកឡើងថា អ្នកទិញឥវ៉ាន់នៅតែអាចដាក់ទំនិញរបស់ពួកគេនៅក្នុងថង់ក្រដាសដែលអាចចោលបាន ដែលនៅតែបង្កើតឱ្យមានសំរាមដដែល។
យ៉ាងណា អ្នកស្រី Brooking បាននិយាយថា៖«វានៅតែមានតម្លៃក្នុងការធ្វើវា ប៉ុន្តែយើងពិតជាចង់កាត់បន្ថយការវេចខ្ចប់ដែលប្រើតែមួយដង»។ អ្នកស្រីបានបន្ថែមថា៖«ដូច្នេះយើងចង់ឱ្យមនុស្សយកកាបូបដាក់ឥវ៉ាន់មកដោយខ្លួនឯង ហើយផ្សារទំនើបអាចលក់ថង់ផលិតឡើងវិញ»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






