YouTube កំពុងសាកល្បងការប្លុកមិនឱ្យចូលមើលវីដេអូ ប្រសិនបើអ្នកប្រើប្រាស់បើកកម្មវិធី Ad-Block
- BY
- autoadmin
- July 4, 2023
YouTube កំពុងអនុវត្តជំហរតឹងរ៉ឹងរបស់ខ្លួនប្រឆាំងនឹង Ad-Block ដោយកំណត់ឱ្យអ្នកប្រើប្រាស់អាចមើលបានត្រឹមតែ ៣ វីដេអូប៉ុណ្ណោះ ប្រសិនបើឧបករណ៍របស់អ្នកប្រើប្រាស់ណាម្នាក់ បានបើក Ad-Block។ អ្នកប្រើប្រាស់នឹងឃើញផ្ទាំងលោតដែលបានសរសេរថា «ការចាក់វីដេអូនឹងត្រូវបិទបន្ទាប់ពីវីដេអូទី៣» ហើយមូលហេតុគឺ ការបើក Ad-Block ដើម្បីរារាំងការផ្សាយពាណិជ្ជកម្ម។ ការផ្សាយពាណិជ្ជកម្មបានជួយឱ្យ YouTube អាចចូលបានពីអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅទូទាំងពិភពលោក ហើយប្រសិនបើពួកគេមិនចង់ឃើញពាណិជ្ជកម្ម ពួកគេគួរតែប្រើប្រាស់ YouTube Premium។ បន្ទាប់ពីទទួលបានផ្ទាំងព្រមាននោះហើយ អ្នកប្រើប្រាស់មានជម្រើសតែ ២ ប៉ុណ្ណោះ៖ បិទកម្មវិធី Ad-Block ឬជាវ YouTube Premium ដើម្បីជៀសវាងការមើលការផ្សាយពាណិជ្ជកម្ម។

YouTube បានបញ្ជាក់ទៅកាន់សារព័ត៌មានមួយចំនួនថា នេះគឺជាផ្នែកមួយនៃការពិសោធន៍ជាសាកល ដើម្បីលើកទឹកចិត្តអ្នកមើលឱ្យអនុញ្ញាតការផ្សាយពាណិជ្ជកម្មនៅលើវេទិកា។ នៅពេលសួរថា តើក្រុមហ៊ុនមានគម្រោងហាមឃាត់ការចូលប្រើរបស់អ្នកប្រើប្រាស់ដែរ ឬទេ ប្រសិនបើពួកគេប្រើ Ad-Block នៅលើវេទិកានេះ? ក្រុមហ៊ុនបាននិយាយថា ការចាក់វីដេអូអាចនឹងត្រូវបានបិទជាបណ្តោះអាសន្ន នៅក្នុងករណីជាក់លាក់មួយចំនួន។ វាកើតឡើងនៅពេលដែលអ្នកប្រើមិនអើពើនឹងការព្រមានរបស់ YouTube ហើយបន្តប្រើ Ad-Block ដើម្បីទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម។ YouTube មិនបានបង្ហាញពីតំបន់មួយណា ឬតំបន់ចំនួនប៉ុន្មាន ដែលកំពុងចូលរួមក្នុងការពិសោធន៍នេះទេ។
កាលពីខែឧសភា ពួកគេក៏បានសាកល្បងដោយផ្ទាល់នូវការទប់ស្កាត់អ្នកប្រើប្រាស់ Ad-Block ពីការចូលទៅកាន់ YouTube ផងដែរ។ នៅពេលនោះ អ្នកនាំពាក្យបាននិយាយថា អាកប្បកិរិយានេះមិនមែនជារឿងថ្មីថ្មោងទេ ហើយវេទិកាផ្សព្វផ្សាយផ្សេងទៀត តែងតែតម្រូវឱ្យអ្នកមើលបិទ Ad-Block។ យោងតាម Variety ថ្មីៗនេះ YouTube Music និង Premium មានអ្នកជាវ ៨០ លាននាក់ ដោយបន្ថែម ៣០ លាននាក់ ត្រឹមតែរយៈពេល ១ ឆ្នាំ។ ក្នុងតម្លៃ ១១.៩៩ ដុល្លារ/ខែ ឬ ១១៩.៩៩ ដុល្លារ/ឆ្នាំ YouTube Premium លុបបំបាត់ការផ្សាយពាណិជ្ជកម្មនៅលើវេទិកា និងផ្តល់អត្ថប្រយោជន៍បន្ថែមដូចជា ការមើល offline និង YouTube Music Premium ជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






