មន្រ្តីជំនាញត្រៀមនឹងចុះទៅសម្ភាសន៍កំណត់ផ្ដល់ប័ណ្ណក្រីក្រជូនបុគ្គលិកបម្រើការក្នុងសេវាកម្សាន្ដនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
- July 4, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកផែនការ នៃក្រសួង ផែនការ លើកឡើងថា នាពេលខាងមុខ មន្រ្តីជំនាញនឹងចាប់ផ្ដើមចុះទៅសម្ភាសន៍ កំណត់ផ្ដល់ប័ណ្ណក្រីក្រជូនបុគ្គលិកបម្រើការក្នុងសេវាកម្សាន្ដនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើយ៉ាងណាផ្តល់លទ្ធភាពដល់ក្រុមគោលដៅក្នុងសេវានេះ ទទួលបានឬប្រើប្រាស់សេវាថែទាំសុខភាព ដោយឥតបង់ថ្លៃនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការ បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងផែនការ ចាប់ផ្ដើមយុទ្ធនាការចុះកំណត់អត្តសញ្ញាណគ្រួសារក្រីក្របន្ថែម សម្រាប់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្តោតលើអ្នកធ្វើការក្នុង រង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរ ហ្កាឌិន កន្លែងម៉ាស្សានិងស៉្បា ជាដើម ។
ឯកឧត្តមបន្តថា យុទ្ធនាការនេះ គឺធ្វើក្នុងរយៈពេលខ្លីហេតុនេះ គឺចាំបាច់ឱ្យអ្នកមានជីវភាពខ្វះខាត ធ្វើការក្នុងវិស័យទាំងនេះ ត្រូវត្រៀមឯកសារចាំបាច់ឱ្យរួចរាល់សម្រាប់ការសម្ភាសន៍។ ឯកសារចាំបាច់ គឺសំដៅលើអត្តសញ្ញាណប័ណ្ណ សៀវ ភៅគ្រួសារ ជាដើម ។
ឯកឧត្តមបានបន្តទៀតថា ការចុះសម្ភាសន៍នេះ គឺអាចធ្វើឡើងនៅទីតាំងបំពេញការងាររបស់អ្នកទាំង នោះដោយផ្ទាល់ ។ ដំណាក់កាលដំបូង គឺផ្អែកលើរបាយការណ៍ដែលក្រសួងទេសចរណ៍បានស្រង់រួចរាល់មួយចំនួន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទាំងអស់ ។
សំឡេង៖ « សម្រាប់នៅពេលខាង មុខនេះ ទិន្នន័យដែលស្រង់ដោយអាជ្ញាធរមូលដ្ឋាន ដែលគាត់មានសេវាកម្សាន្តទាំងអស់នេះនៅក្នុងមូលដ្ឋាននោះ គឺចាប់ផ្តើមស្រង់ហើយ ហើយបានជាទិន្នន័យរួមមួយ ពេលនោះគឺយើងទាំងអស់គ្នា ដែលជាស្ថាប័នមានការទទួលខុស ត្រូវទាំងប៉ុន្មាននេះ នឹងចុះទៅពិនិត្យ មើលថា បើសិនជាអ្នកទាំងអស់នោះ មាននៅក្នុងទិន្នន័យរបស់អាជ្ញាធរមូលដ្ឋានផ្តល់នោះ យើងពិនិត្យឃើញថា គាត់មិនទាន់មានបណ្ណសមធម៌នោះទេ ពេលនោះទើបយើងចាប់ផ្ដើមពិនិត្យសំភាសន៍ផ្តល់ជូនគាត់ និងវាយតម្លៃផ្តល់ជូន បើសិនជាមើលទៅអ្នកខ្លះ គាត់ប្រកបរបរនៅក្នុងកន្លែងកម្សាន្តនោះមែន ប៉ុន្តែសមាជិកគ្រួសារមានបណ្ណសមធម៌ហើយ នោះគឺនឹងមិនអាចទទួលបានទៀតនោះទេ »។
ឯកឧត្តមបានបន្ថែមថា សម្រាប់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងករណីពួក គេពុំមានជីវភាពក្រីក្រលំបាក ពួកគេក៏អាចទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់ការទទួលសេវាពិនិត្យ ព្យាបាលដោយមិនគិតថ្លៃនៅតាមមណ្ឌលសុខភាព និងគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ ។ នេះជាកម្មវិធីថ្មី ដែលទើបប្រកាសដាក់ឱ្យអនុវត្ត ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់និយោជក និងម្ចាស់សហ គ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្ត ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេស ចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវមុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដើម្បីចុះបញ្ជីឱ្យពួកគាត់អាចទៅទទួលអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅទូទាំងប្រទេសដោយឥតបង់ថ្លៃសេវា ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






