អន្តរជាតិ

អង្គការ​ឃ្លាំ​មើល​របស់​អង្គការ​សហ​ប្រជាជាតិ បាន​អនុញ្ញាតលើផែនការរបស់ប្រទេសជប៉ុន នៅក្នុងការ​បញ្ចេញ​ទឹកសំណល់ពីរោងចក្រ​នុយក្លេអ៊ែរ Fukushima

BY
autoadmin
July 5, 2023

អង្គការ​ឃ្លាំ​មើល​របស់​អង្គការ​សហ​ប្រជាជាតិ (UN)​ បាន​និយាយ​ថា ផែនការ​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​បញ្ចេញ​ទឹក​សំណល់​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​រលក​យក្ស​ស៊ូណាមិ​ចូល​ទៅ​ក្នុង​សមុទ្រ គឺ​ស្របទៅ​តាម​ស្តង់ដារ​អន្តរជាតិ។ ជម្រាបដែរថា រោងចក្រ Fukushima កំពុង​អស់កន្លែងដាក់ទឹក ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​ឱ្យម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ត្រជាក់ ប៉ុន្តែផែនការនេះ ប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន និងកូរ៉េខាងត្បូង។ ទីក្រុងតូក្យូក៏មិនប្រកាសពីកាលវិភាគនៃការបញ្ចេញ​ទឹក​សំណល់នោះដែរ ហើយវានឹងត្រូវការការយល់ព្រមពីនិយតករជាមុនសិន។

ក្នុងឆ្នាំ២០១១ រលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ បានជន់លិចម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣ របស់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។ វាត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកចាប់តាំងពី Chernobyl។ កាលនោះមានមនុស្សជាង ១៥០ ០០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ជុំវិញរោងចក្រនេះ។ ការ​រុះរើ​រោងចក្រ​ក៏​បាន​ចាប់​ផ្តើម​ផងដែរ ប៉ុន្តែ​ដំណើរការ​អាច​ចំណាយ​ពេល​រាប់​ទសវត្សរ៍។

រោងចក្រនេះផលិតទឹកសំណល់ ១០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយអាងស្ទុកទឹកនៅទីនោះអាចផ្ទុកបាន ១.៣ លានម៉ែត្រគូប។ ធាតុវិទ្យុសកម្មភាគច្រើនត្រូវបានច្រោះចេញពីទឹក លើកលែងតែទម្រង់វិទ្យុសកម្មនៃអ៊ីដ្រូសែន និងកាបូន ដែលហៅថា tritium និងកាបូន១៤ ដោយសារធាតុទាំង ២ ពិបាកច្រោះចេញពីទឹក។ ទីក្រុងតូក្យូ​បាន​និយាយ​ថា ទឹក​ដែល​នឹង​បញ្ចេញ​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក គឺមាន​លាយឡំ​នឹង​ tritium និង​កាបូន 14 ប៉ុន្តែវានៅក្នុងកម្រិត​ដែលត្រូវ​តាម​ស្តង់ដារ​សុវត្ថិភាព៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: