ព័ត៌មានជាតិ

រូបថតសម្តេចតេជោ ហ៊ុន សែន និងភរិយា ដ៏កម្រមួយសន្លឹកពេលអញ្ជើញទៅបោះឆ្នោតឆ្នាំ១៩៩៣ ត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំង

BY
Khmernote Media
July 5, 2023

រាជធានីភ្នំពេញ៖ យោងតាមគណនីឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានបង្ហាញរូបថតមួយសន្លឹក របស់​សម្តេចតេជោ​ ជាមួយ​ភរិយា​ ក្នុងពេល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែលរូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំង។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារជាមួយរូបថតយ៉ាងដូច្នេះថា៖ «ព្រឹកមិញខ្ញុំបានទៅចូលរួមរៀបការកូនស្រីលោកជំទាវរដ្ឋមន្ត្រីភឿង សកុណា ដែលនៅទីនោះខ្ញុំបានទទួលរូបថតមួយសន្លឹកដែលខ្ញុំមិនដែលបានឃើញ។ រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថតថ្ងៃ២៤ ខែឧសភា ឆ្នាំ១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោតនៅទីរួមខេត្តកំពង់ចាម ដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។ »

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា៖ «រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រីភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅ ថ្ងៃរៀបការរបស់នាង។ ខ្ញុំនិងភរិយាសូមអរគុណក្មួយស្រី ឆេង និព័ន្ ធនិងស្វាមីដែលបានខិតខំចំណាយកម្លាំងនិងថវិកាដេញថ្លៃទិញ យករូបថតដ៏កម្រនេះប្រគល់ឲ្យខ្ញុំ។ បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣មាន រយៈពេល៣០ឆ្នាំគត់ដែលពេលនោះខ្ញុំមានអាយុ ៤១ឆ្នាំ ឯភរិយាខ្ញុំមានអាយុ៣៩ឆ្នាំ៕ »

Share This Post: