អន្តរជាតិ

ប្រទេសចំនួន ៤ បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញការធ្លាក់យន្តហោះអ៊ុយក្រែននៅអ៊ីរ៉ង់ កាលពីឆ្នាំ២០២០

BY
autoadmin
July 6, 2023

ប្រទេសកាណាដា ស៊ុយអែត អ៊ុយក្រែន និងអង់គ្លេស បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវតែឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន កាលពីឆ្នាំ២០២០។ ប្រទេស​ទាំង ៤ បាន​ដាក់​ពាក្យ​សុំ​បើក​ករណី​នេះ​កាលពី​ថ្ងៃ​អង្គារ ខណៈដែលពលរដ្ឋ​របស់​ពួកគេ​មួយចំនួនក៏ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ នៅ​ក្នុង​ឧបទ្ទវហេតុ​នោះដែរ។ រំលឹកផងដែរថា ជើងហោះហើរអ៊ុយក្រែន International Airlines បានធ្លាក់នៅជិតទីក្រុង Tehran កាលពីខែមករា ឆ្នាំ២០២០ ដោយបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះ។

ក្រោយមកអ៊ីរ៉ង់បានសារភាពថា បានបាញ់ទម្លាក់យន្តហោះនោះមែន ហើយថា យោធារបស់ខ្លួនបានយល់ច្រឡំថា យន្តហោះនេះជាគោលដៅអរិភាព ខណៈដែលភាពតានតឹងផ្នែកយោធាកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅពេលនោះ។ ប្រទេសដើមបណ្តឹងទាំង ៤ បាននិយាយនៅក្នុងពាក្យសុំរបស់ពួកគេថា អ៊ីរ៉ង់បានបរាជ័យក្នុងការធ្វើការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មដោយមិនលម្អៀង មានតម្លាភាព និងយុត្តិធម៌ ឱ្យស្របទៅតាមច្បាប់អន្តរជាតិ។ ក្នុងឯកសារនោះបាននិយាយថា អ៊ីរ៉ង់បានរក្សាទុក ឬបំផ្លាញភស្តុតាង បានគំរាមកំហែង និងយាយីគ្រួសារជនរងគ្រោះ ដែលស្វែងរកយុត្តិធម៌ និងបានធ្វើការកាត់ក្តីក្លែងបន្លំ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: