សហរដ្ឋអាមេរិកប្រកាសនឹងផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន ដែលជាគ្រាប់បែកត្រូវបានហាមឃាត់នៅក្នុងសន្ធិសញ្ញាអន្តរជាតិ
- BY
- autoadmin
- July 8, 2023
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន សម្រាប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ គ្រាប់បែកចង្កោម (cluster munitions) គឺជាប្រភេទគ្រាប់បែកតូចៗ និងមានសមត្ថភាពសម្លាប់ខ្ពស់ ហើយអត្រាបរាជ័យក្នុងការផ្ទុះលើសត្រូវក៏មានច្រើនដូចគ្នា ដែលវានឹងបង្កហានិភ័យដល់ជនស៊ីវិលនៅពេលអនាគត។ សន្ធិសញ្ញាអន្តរជាតិ បានហាមឃាត់ការប្រើប្រាស់គ្រាប់បែកនេះ ប៉ុន្តែសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន មិនបានចូលរួមក្នុងសន្ធិសញ្ញានោះទេ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា វាមិនងាយស្រួលទេ ក្នុងការសម្រេចចិត្តផ្តល់គ្រាប់បែកនេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិកទទួលស្គាល់ថា គ្រាប់បែកចង្កោមបង្កើតហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលពីគ្រាប់មិនទាន់ផ្ទុះ។ លោកបាននិយាយថា វាក៏មានហានិភ័យដ៏ធំមួយនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ប្រសិនបើទាហានរុស្ស៊ីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត និងបង្ក្រាបជនស៊ីវិលអ៊ុយក្រែនបន្ថែមទៀត។
លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានពិគ្រោះជាមួយសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ហើយសូម្បីតែប្រទេសដែលជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាហាមប្រាមនេះ ក៏បានបង្ហាញថា ពួកគេយល់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែរ។ សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា យោធារុស្ស៊ីបាននិងកំពុងប្រើប្រាស់គ្រាប់បែកចង្កោមនៅលើសមរភូមិរួចហើយ ហើយពួកគេចាំបាច់សម្រាប់ការវាយលុករបស់អ៊ុយក្រែន។ ប៉ុន្តែក្រុមសិទ្ធិមនុស្សនិយាយថា គ្រាប់មិនគួរប្រើក្នុងប្រទេសអ៊ុយក្រែនទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






