ហាងកាត់សក់នៅវៀតណាមផ្ដល់ជូនការកាត់សក់ម៉ូដដូចសក់លោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុន ដោយឥតគិតថ្លៃ
ដើម្បីអបអរក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ទី២ នៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ដែលនឹងប្រារព្ធក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហ៊ាងកាត់សក់មួយកន្លែង បានផ្តល់ជូននូវការកាត់សក់ដល់អ្នកដែលចង់ថតចម្លងស្ទីលម៉ូដសក់ប្លែកៗរបស់មេដឹកនាំពិភពលោកទាំង ២ ដោយឥតគិតថ្លៃ។
ហាង Tuan Duong Beauty Academy នៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម កំពុងផ្តល់ការកាត់សក់នេះរហូតដល់ថ្ងៃ ទី២៨ ខែកុម្ភៈ ដែលជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់សន្តិភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងដើម្បីជំរុញការដកចេញនូវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យ៉ាងណាមិញកុមារាម្នាក់ឈ្មោះ To Gia Huy អាយុ ៩ឆ្នាំ បានប្រាប់រ៉យទ័រថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាមួយនឹងការកាត់សក់នេះ ព្រោះមនុស្សជាច្រើននឹងគិតថា ខ្ញុំមើលទៅដូចជាមេដឹកនាំកូរ៉េខាងជើង» គាត់ក៏បានបន្ថែមប្រាប់សារព័ត៌មាន Associated Press ថា៖ «មនុស្សជាច្រើននិយាយថាខ្ញុំមើលទៅដូចជាលោក គីម ជុងអ៊ុន ណាស់ ជាពិសេសនៅពេលខ្ញុំកំពុងមានស្ទីលម៉ូដសក់នេះ»៕




អត្ថបទ៖ លីដា
ប្រភព៖ businessinsider