ព័ត៌មានជាតិ

ស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្ដោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

BY
Khmernote Media
July 8, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០២ ក្នុងចំណោមគណបក្សទាំង១៨ ដែលបាន ស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖

១- គណបក្សបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៧,៨០៨នាក់ ក្នុងនោះមានរថយន្តចំនួន ៣២៦គ្រឿង ម៉ូតូកង់បីចំនួន ១២០គ្រឿង និងម៉ូតូចំនួន ១១,៧៦៦គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ។

២- គណបក្សកសិករនឹងរៀបចំជួបជុំសមាជិក សមាជិកា នៅចំណុចផ្ទះលោក ពៅ សុភ័ក្ត ស្ថិតនៅ ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ៣០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៧:០០នាទី ក្បួននឹងហែចេញពីទីតាំងចំណុចខាងលើ ឆ្ពោះទៅផ្លូវ ចំការដូង (ផ្លូវលេខ២១៧) បត់ឆ្វេងចូលមហាវិថីចោមចៅ បន្តដំណើរដោយបត់ស្ដាំចូល ផ្លូវទ្រុងមាន់ រួចបត់ស្តាំចូលផ្លូវ២០០៤ បត់ស្តាំចូលផ្លូវ២៧១ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវ៣៧១) បត់ឆ្វេងចូលផ្លូវចំការដូង (ផ្លូវលេខ២១៧) និងបន្ត ដំណើររហូតដល់ចំណុចផ្ទះលោក ពៅ សុភ័ក្ត វិញ (រំសាយ) ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: