គ.ជ.ប ប្រកាសថា ជនណាដែលណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ឬធ្វើឱ្យខូចសន្លឹកឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់
- July 11, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំ បែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។
មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
– ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។
– ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
– ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
ផ្ទុយទៅវិញ គ.ជ.ប សូមអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើ ទុច្ចរិតរបស់ជន អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន នឹងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់៕ សូមអានសេចក្ដីប្រកាសលម្អិតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចខាងក្រោម៖


ប្រភព៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
- Share This Post:






