ប្រមុខដឹកនាំកម្ពុជា បន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងសម្ព័ន្ធមិត្តអាម៉េរិក ជួយទប់ស្កាត់កុំឱ្យប្រើប្រាស់សព្វាវុធប្រភេទនេះ ក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន
- July 11, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងប្រទេសសម្ព័ន្ធមិត្តអាម៉េរិក ជួយទប់ស្កាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធដ៏កាចសាហាវ ក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននោះ។

នៅលើបណ្ដាញ Twitter នាព្រលប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ក្នុងនាមខ្ញុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។
ដោយឡែក នៅលើបណ្ដាញតេឡេក្រាមកាលពីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោក៏បានសរសេរដែរថា ប៉ុន្មានថ្ងៃមកនេះ មានការផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោម ឱ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ សម្ដេចតេជោបន្តថា ប្រសិនរឿងនេះ វាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
សម្ដេចតេជោលើកឡើងថា បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោម ពីអាម៉េរិកនាដើមទសវត្សរ៍១៩៧០ មកដល់ពេលនេះ ជាងកន្លះសតវត្សរ៍ហើយ នៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ សម្ដេចតេជោគូសបញ្ជាក់ថា៖ «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូច ហើយទន់ខ្សោយសំឡេងគ្មានទម្ងន់ តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាម៉េរិកដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែន ដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






