នាយករដ្ឋមន្ត្រីផុតអាណត្ដិរបស់ថៃ ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ
- BY
- autoadmin
- July 11, 2023
នាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ប្រទេសថៃ គឺលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃអង្គារនេះថា លោកនឹងចាកចេញពីឆាកនយោបាយ ហើយលាលែងពីតំណែងជាសមាជិកនៃគណបក្សរួមថៃសាងឆាត (United Thai Nation) នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សនៅលើទំព័រហ្វេសប៊ុក។ លោកក៏បានសម្តែងនូវបំណងចង់ឱ្យថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិ ក៏ដូចជាសមាជិកបក្ស ត្រូវតែបន្តសកម្មភាពនយោបាយដោយមនោគមវិជ្ជារឹងមាំ ទន្ទឹមនឹងការការពារស្ថាប័នប្រទេស និងថែរក្សាប្រជាជនថៃ។

គណបក្ស United Thai Nation ទទួលបានសំឡេងឆ្នោតចំនួន ៤,៧៦៦,៤០៨ សំឡេង ដែលស្មើ ១២.៥២% នៃចំនួនអ្នកទៅបោះឆ្នោត នាពេលកន្លងទៅ។ ប្រការនេះបានអនុញ្ញាតឱ្យបក្សមានបេក្ខភាពចំនួន ១៣នាក់ និងសមាជិកសភាទាំងមូលចំនួន ៣៦ នាក់ ដែលចាត់ទុកអាចថា វាល្អសម្រាប់គណបក្សដែលទើបតែបង្កើតឡើងថ្មីៗ។ លោកក៏ស្នើឱ្យប្រជាពលរដ្ឋបន្តគាំទ្រការងាររបស់គណបក្ស និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្ស និងរូបលោកក្នុងការបោះឆ្នោតសកល កាលពីខែឧសភា។
លោក ប្រាយុទ្ធ បាននិយាយថា៖«ខ្ញុំសម្រេចចិត្តចូលជាសមាជិកគណបក្ស United Thai Nation ព្រោះខ្ញុំចង់បានគណបក្សមួយប្រកបដោយគុណភាព មានមនោគមវិជ្ជារឹងមាំ ស្រឡាញ់ប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ ហើយជាសសរទ្រូង សម្រាប់ជាតិនាពេលអនាគត»។ លោកមានការគោរពចំពោះការយោគយល់ អាណិតអាសូរ និងទំនុកចិត្តពីប្រជាពលរដ្ឋ ដោយបានបន្ថែមថា ទាំងនេះគឺជាបទពិសោធន៍ដ៏មានតម្លៃដែលគាត់មិនអាចបំភ្លេចបាន។ លោកថា ក្នុងរយៈពេល ៩ឆ្នាំ ជានាយករដ្ឋមន្ត្រីថៃ លោកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំមកនូវភាពរីកចម្រើនដល់ប្រទេសជាតិ និងសាធារណៈជន៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world
- Share This Post:






