សហរដ្ឋអាមេរិកបានត្រឡប់មកធ្វើជាសមាជិកនៃអង្គការយូណេស្កូវិញជាផ្លូវការ ក្រោយដកខ្លួនចេញអស់រយៈពេល ៥ឆ្នាំ
- BY
- autoadmin
- July 12, 2023
អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បាននិយាយថា សហរដ្ឋអាមេរិកត្រូវបានបញ្ចូលខ្លួនឡើងវិញយ៉ាងពេញលេញ ក្នុងនាមជាសមាជិកនៃស្ថាប័ននេះ បន្ទាប់ពីអវត្តមានរយៈពេល ៥ ឆ្នាំ។ អង្គការយូណេស្កូបានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបញ្ចប់នីតិវិធីចាំបាច់ ហើយបានវិលត្រឡប់មកអង្គការវិញជាផ្លូវការ នៅថ្ងៃទី១០ ខែកក្កដា។ រំលឹកដែរថា នៅឆ្នា២០១៧ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការយូណេស្កូ ដោយបានចោទថា ស្ថាប័ននេះលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល ដែលនាំឱ្យការចាកចេញចូលជាធរមានក្នុងឆ្នាំ២០១៨។

បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានបង្ហាញពីចេតនារបស់ខ្លួន នៅក្នុងការត្រឡប់ទៅអង្គការយូណេស្កូ រដ្ឋជាសមាជិកបានបោះឆ្នោត នៅក្នុងសម័យប្រជុំវិសាមញ្ញក្នុងទីក្រុងប៉ារីសកាលពីខែមុន ដើម្បីអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលរួមឡើងវិញ។ កន្លងមក ការរួមចំណែករបស់សហរដ្ឋអាមេរិកមានចំនួនជាង ២០% នៃថវិកាសរុបរបស់អង្គការយូណេស្កូ។ អង្គការយូណេស្កូបានស្វាគមន៍ការវិលត្រឡប់មកវិញរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា៖«នេះគឺជាពេលវេលាប្រវត្តិសាស្ត្រ។ អង្គការរបស់យើងកំពុងឆ្ពោះទៅរកភាពជាសកលម្តងទៀត»។
វាបានបន្ថែមថា៖«យូណេស្កូក៏នឹងមានធនធានបន្ថែមទៀតសម្រាប់អាទិភាពជាយុទ្ធសាស្ត្រ ២ របស់ខ្លួន គឺអាហ្វ្រិក និងសមភាពយេនឌ័រ»។ បន្ថែមពីលើអង្គការយូណេស្កូ រដ្ឋបាលលោក បៃដិន បានចូលរួមឡើងវិញនូវអង្គភាពអន្តរជាតិមួយចំនួន ដែលសហរដ្ឋអាមេរិកបានចាកចេញក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ត្រាំ រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






