ទឹកជំនន់ជោកជាំនៅក្នុងប្រទេសជប៉ុន បានបណ្ដាលឱ្យមនុស្សចំនួន ៣នាក់ ត្រូវបាត់បង់ជីវិត និង ៣នាក់ ផ្សេងទៀតបាត់ខ្លួន
- BY
- autoadmin
- July 12, 2023
យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងទឹកជំនន់នៅភាគនិរតីនៃប្រទេសជប៉ុន ដែលបណ្តាលមកពីភ្លៀងអាក្រក់បំផុតមិនធ្លាប់មានក្នុងតំបន់។ ទឹកទន្លេបានជោរជន់ ហើយជម្រាលភ្នំបានបាក់ ខណៈដែលបរិមាណទឹកភ្លៀង បានវាយប្រហារផ្នែកខ្លះនៃកោះ Kyushu ។ ទីភ្នាក់ងារអាកាសធាតុជាតិបានកត់ត្រាទឹកភ្លៀង ៤០២.៥ មីល្លីម៉ែត្រ នៅទីក្រុង Kurume កាលពីថ្ងៃចន្ទ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុង។ ផ្លូវថ្នល់ និងបណ្តាញអគ្គិសនីត្រូវបានកាត់ផ្តាច់ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ខណៈដែលមានភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានរំពឹងទុក។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ ប៉ុន្តែចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ មនុស្ស ៣នាក់ ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៃកោះនេះ។ លោក Matsuno បាននិយាយថា៖«យើងសូមចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានស្លាប់ និងមានការសោកស្ដាយចំពោះអ្នកដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ»។ លោកបានបន្តថា ភ្លៀងធ្លាក់បានជំរុញឱ្យមានការជូនដំណឹងពីការជម្លៀសសម្រាប់ប្រជាជនរាប់សែននាក់ និងសហគមន៍ដាច់ស្រយាលនៅតែត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ និងការខូចខាតផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






