អន្តរជាតិ

ពលរដ្ឋមីយ៉ាន់ម៉ាជាង ៥,០០០ នាក់ បានភៀសខ្លួនចូលប្រទេសថៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារតាមផ្លូវអាកាស

BY
autoadmin
July 12, 2023

ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ៥,០០០ នាក់ បានភៀសខ្លួនឆ្លងព្រំដែនចូលទៅក្នុងក្រុង Mae Hong Son របស់ប្រទេសថៃ នៅថ្ងៃពុធនេះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាស លើមជ្ឈមណ្ឌលជម្លៀសដែលពួកគេកំពុងរស់នៅក្នុងរដ្ឋ Kayah ។ ឥឡូវនេះ ពលរដ្ឋទាំងនោះត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសមួយ នៅក្នុងស្រុក Muang ខេត្ត Phang Nga។ ការវាយប្រហារតាមអាកាសលើមជ្ឈមណ្ឌលជម្លៀសនោះ បានកើតឡើងនៅម៉ោង ១ និង ៣០ នាទីយប់ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស ១០ នាក់ផ្សេងទៀត។

ប្រភពពីកងទ័ព Karenni (KA) ដែលជាកងកម្លាំងប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារតាមអាកាស លើមជ្ឈមណ្ឌលជម្លៀសបានកើនឡើងដល់ ៤ នាក់ ហើយមនុស្សជាច្រើននាក់ទៀតបានរងរបួស។ យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំង MIG-29 សម្រាប់ការវាយប្រហារតាមអាកាសចំនួន ៤ លើក នៅចន្លោះម៉ោង ០០ និង ៥៧ នាទីយប់ ដល់ម៉ោង ១ និង ៣២ នាទីយប់។ KA ដឹងថាយោធាមីយ៉ាន់ម៉ានឹងវាយប្រហារមូលដ្ឋានបញ្ជាការរបស់ខ្លួន ដែលមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ ពីក្រុង Mae Hong Son ប៉ុន្តែខ្លួនមិននឹកស្មានថា វានឹងវាយប្រហារមជ្ឈមណ្ឌលជម្លៀស Kayah នៅក្បែរនោះទេ។

មន្ត្រី Mae Hong Son ត្រូវបានដាក់ពង្រាយ ដើម្បីមើលការខុសត្រូវនៅមជ្ឈមណ្ឌលជម្លៀស Baan Nai Soi ក្នុងស្រុក Muang ។ ជនស៊ីវិលប្រហែល ៥,០០០ នាក់ ដែលត្រូវបានផ្លាស់ទីលំនៅ បាននិងកំពុងរស់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ Kayah ចាប់តាំងពីដើមឆ្នាំនេះ ដោយសារភ្នាក់ងារថៃមិនអនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: