ព័ត៌មានជាតិ

ក្រុមអេឡិចត្រូនិកកម្ពុជាឡើងទៅប្រកួតកម្រិតពិភពលោក នៅប្រទេសរ៉ូម៉ានី

BY
Khmernote Media
July 12, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) វិញ្ញាសាMobile Legend: Bang Bang ធ្វើបានយ៉ាងល្អក្នុងប្រកួតចុងក្រោយ វគ្គសន្សំពិន្ទុក្នុងពូល A ដោយបានយកឈ្នះលើ​ក្រុម​ប្រទេសនេប៉ាល់ លទ្ធផល ២-០ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៃការប្រកួតGamers8 Asia Championship នៅរដ្ឋធានីរីយ៉ាត (Riyadh) ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)​ដោយលទ្ធផលនេះក្រុមកម្ពុជាបានកក់កៅអី សម្រាប់ការប្រកួតជើងឯកពិភពលោក (IESF World Esport Championships)នៅទីក្រុង IASI ប្រទេស Romania។

លោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា​ដែលទៅចូលរួម​កិច្ច​ប្រជុំ និងដឹកនាំក្រុមជម្រើសជាតិកីឡាអេឡិចត្រូនិកកម្ពុជាចូលរួមប្រកួតនៅប្រទេសរូម៉ានី បាន​បញ្ជាក់មកថា ក្រុមប្រតិភូកីឡាអេឡិចត្រូនិកកម្ពុជាមានចំនួន ៧នាក់ រួមមាន៖ លោក ជាន ចាន់រ៉ា អ្នកដឹកនាំ លោក Alvarez Soriano Ralph Jamesគ្រូបង្វឹក និងកីឡាករ ទី ឧត្តម, កុសល ពិសិដ្ឋ, សុខ រដ្ឋ, សូ ម៉ារ៉ា និងកីឡាករ វិធូរ សុវិសាល។ លោកបានបន្ដថា នេះជាកម្មវិធីការប្រកួត​ Gamers8 Asia Championshipមាន២០ ប្រទេសចូលរួម ដែលព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការប្រកួតជម្រុះ​ដណ្តើម​​​យកកៅអីទៅកាន់ព្រឹត្តិការណ៍ IESF 15th WE Championships IASI 2023។ ឆ្លងកាត់៣​ប្រកួត កម្ពុជាឈ្នះ២ និងចាញ់១ ដោយឈរលេខ២ក្នុងពូល A ហើយត្រូវឡើងទៅប្រកួតវគ្គ Playoff ដើម្បីដណ្តើមយកពានរង្វាន់ Gamers8 Asian Championship នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣​នេះ។

លោកបានបន្ថែមថា ឆ្លងកាត់ការប្រកួតនេះមានន័យថា កម្ពុជាបានកក់កៅអីទៅកាន់ការ​ប្រកួត​ជើងឯកពិភពលោក (IESF World Esport Championships)ដែលគ្រោងនឹងរៀបចំនៅទីក្រុង IASI ប្រទេស Romania ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: