សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតអេបផ្លូវការថ្មីមួយឈ្មោះ «Happy Watch99» ដើម្បីផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ
- July 13, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការបង្ហោះក្នុងឆាណែលតេឡេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យដឹងពីកម្មវិធីថ្មីមួយ ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ បានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សជាងមុនដល់ប្រជាពលជនទាំងក្នុង និងក្រៅប្រទេស។

តាមរយៈខ្លឹមសារសំណេរ ក្នុងឆាណែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។ ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។»
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា៖ «សូមបងប្អូនទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃដើម្បីទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង,ពណ៌ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។»
Download “Happy Watch99” ជាមួយ QR Code នេះ ហើយក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត ៕

- Share This Post:






