អង្គរក្ស៤នាក់ ដែលជិះម៉ូតូតាមពីក្រោយឡានចៅហ្វាយ ហើយមានរឿងជាមួយពលរដ្ឋតាមផ្លូវ ត្រូវបានស្នងការរាជធានីភ្នំពេញ ហៅមកសួរនាំនិងសុំទោសជាសាធារណ:
- July 13, 2023
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម កាលពីម្សិលមិញនេះ ទៅលើហេតុការណ៍មួយដែលមានអង្គរក្ស ៤នាក់ បានជិះម៉ូតូតាមពីក្រោយឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលជាចៅហ្វាយនាយរបស់ខ្លួន ហើយបានបញ្ចេញកាយវិការ ពាក្យសម្ដីមិនសមរម្យ ជិះគៀរធាក់ម៉ូតូពលរដ្ឋនៅតាមផ្លូវនោះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ អង្គរក្សទាំង ៤ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងឲ្យសុំទោសជាសាធារណៈ។

យោងតាមប្រភពវីដេអូរបស់សារព័ត៌មានក្នុងស្រុកមួយ អង្គរក្សទាំង ៤នាក់នោះ បានចេញមកបំភ្លឺ ហេតុការណ៍កាលពីម្សិលមិញ និងសុំទោសជាសាធារណៈ ដោយនិយាយរៀបរាប់ថា៖ « ហេតុការណ៍កាលពីម្សិលមិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ពួកយើងបានធ្វើដំណើរពីបឹងកេងកង ឆ្ពោះទៅផ្លូវ ៦០ម៉ែត្រ មកដល់ចំនុចឡឥដ្ឋផ្លូវជាតិ២ ខណៈពេលនោះផងដែរ ដោយសារតែចរាចរណ៍ចង្អៀត ក៏មានម៉ូតូ១គ្រឿង បានជិះមកជិត ខ្ញុំយកដៃរាលឃាំងមិនឱ្យគាត់ទៅមុខបន្ត ហើយពេលនោះក៏មានប៉ះទង្គិចពាក្យសម្ដីគ្នាទៅវិញទៅមក និងបានប្រើកាយវិការមិនសមរម្យថែមទៀតផង។ »
អង្គរក្សទាំង៤នាក់ បានលើកដៃសំពះ សូមទទួលស្គាល់កំហុស ខុសឆ្គងដែលទង្វើរបស់គាត់បានប្រព្រឹត្ត ធ្វើឱ្យប៉ះពាល់អារម្មណ៍ដល់សាធារណជននៅតាមដងផ្លូវ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ និងក្នុងបណ្ដាញសង្គម សូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ អធ្យាស្រ័យផង ហើយគាត់សន្យាថា កែប្រែខ្លួនធ្វើជាពលរដ្ឋល្អ បើអាចគឺគាត់ចង់ជួបបងប្រុស ដែលមានបញ្ហាលើដងផ្លូវកាលពីម្សិលមិញ ធ្វើការសុំទោសដោយផ្ទាល់ផងដែរ ៕









ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






