លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងជួបតទល់មួយនឹងមួយ ក្នុងកិច្ចប្រជុំកំពូលនៅឯប្រទេសវៀតណាម
មន្ត្រីអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមានកិច្ចប្រជុំ មួយទល់នឹងមួយ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ ដែលនឹងប្រារព្ធនៅក្នុងប្រទេសវៀតណាមសប្តាហ៍ក្រោយនេះ។ មេដឹកនាំទាំងពីរដែលធ្លាប់បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលលើក ទី១ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន នឹងគ្រោងធ្វើកិច្ចចរចាជាលើក ទី២ នៅរដ្ឋធានីហាណូយរបស់វៀតណាម នៅថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ។
ដូចគ្នានឹងការប្រជុំកំពូលលើក ទី១ មេដឹកនាំ ទាំង២ នឹងជួបតទល់មួយនឹងមួយ មុនពេលដែលក្រុមរបស់ភាគីទាំងពីរនឹងចូលរួមក្នុងការប្រជុំទាំងអស់គ្នា។ ចំណែកលោក Stephen Biegun ដែលជាប្រេសិតពិសេសតំណាងសហរដ្ឋអាមេរិកប្រចាំទីក្រុងព្យុងយ៉ាង បានមកដល់ទីក្រុងហាណូយរួចមកហើយ ដោយមានកិច្ចចរចាជាមួយសមភាគីកូរ៉េខាងជើងគឺលោក Kim Hyok Chol។ យ៉ាងណាមិញមន្រ្តីអាមេរិកបានបដិសេធមិនធ្វើការប៉ាន់ស្មានលើអ្វីដែលអាចត្រូវបានបញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia