ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី និងថៃ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី ដាក់ការពិន័យចំពោះភាពចលាចលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា
- BY
- autoadmin
- July 13, 2023
កីឡាករចំនួន ៥នាក់ និងបុគ្គលិកគ្រូបង្វឹកចំនួន ៩នាក់ របស់ប្រទេសឥណ្ឌូណេស៊ី និងថៃ ត្រូវបានគេដាក់ទណ្ឌកម្មដោយការព្យួរការប្រកួតចំនួន ៦ និងពិន័យជាប្រាក់យ៉ាងតិច ១,០០០ ដុល្លារ ក្នុងម្នាក់ៗ បន្ទាប់ពីមានជម្លោះមួយប្រ៉ាវ នៅក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសពីការពិន័យកាលពីយប់ថ្ងៃអង្គារ ទាក់ទងនឹងការវាយតប់គ្នាក្នុងការប្រកួតកីឡាបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតស៊ីហ្គេម រវាងក្រុមទាំង២ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

ភាគីឥណ្ឌូណេស៊ីត្រូវបាន AFC ដាក់ពិន័យលើបុគ្គលចំនួន ៧នាក់ ដែលមានកីឡាករ ៣នាក់ និងបុគ្គលិក ៤នាក់ ហើយពួកគេនឹងត្រូវហាមឃាត់ពីការប្រកួតចំនួន ៦ ប្រកួត។ ជាមួយគ្នានេះ កីឡាករចំនួន ២នាក់ គឺលោក Agung Bagus Fawwazi និង Komang Teguh និងបុគ្គលិក ៣នាក់ គឺលោក Tegar Diokta, Ahmad Nizar និង Toid Sarnadi ត្រូវបង់ប្រាក់ពិន័យបន្ថែមពីលើការពិន័យ ចំនួន ១,០០០ ដុល្លារក្នុងម្នាក់ៗ។ ចំណែកខ្សែបម្រើ Taufany Muslihuddin និងជំនួយការគ្រូបង្វឹកលោក Sahari Gultom មិនត្រូវបង់ប្រាក់ពិន័យទេ។
ការពិន័យដូចគ្នានេះ ត្រូវបានអនុវត្តចំពោះបុគ្គលចំនួន ៧នាក់ នៅក្នុងជម្រើសជាតិថៃ ដោយអ្នកចាំទី Soponwit Rakyart និងជំនួយការគ្រូបង្វឹក ២នាក់ គឺលោក Pattarawut Wongsriphuek និង Mayeid Mad-Adam នឹងត្រូវព្យួរពីការប្រកួតចំនួន ៦ ប្រកួត និងពិន័យជាប្រាក់ចំនួន ១,០០០ ដុល្លារក្នុងម្នាក់ៗ។ ដោយឡែក ខ្សែបម្រើ Chayapipat Supunpasuch និងបុគ្គលិកការងារលោក Purachet Todsanit, Thirapak Prueangna និង Bamrung Boonprom ត្រូវបានព្យួរការងារក្នុងចំនួនដូចគ្នា ដោយមិនចាំបាច់បង់ប្រាក់ពិន័យ។


អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






